បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី៣០ ខែធ្នូបានឲ្យដឹងថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi និងសមភាគីបារាំងលោក Emmanuel Macron នៅថ្ងៃនេះ បានឯកភាពគ្នាជំរុញ កិច្ចសហប្រតិបត្តិការ ដើម្បីដំណោះស្រាយនយោបាយ ចំពោះវិបត្តិនៅលីប៊ី។
អ្នកនាំពាក្យប្រធានាធិបតីលោក Bassam Rady បាននិយាយថាក្នុងអំឡុងពេលនៃការហៅទូរស័ព្ទ រវាងមេដឹកនាំទាំងពីរលោក al-Sisi បានគូសបញ្ជាក់ពីការគាំទ្រ របស់អេហ្ស៊ីបចំពោះប្រជាជនលីប៊ីក្នុងការសម្រេចបាននូវសន្តិសុខ និងស្ថេរភាពពេញលេញ។
លោក Rady បានបន្តទៀតថា ជំហរអេហ្ស៊ីបគឺផ្តោតទៅលើការស្តារសុវត្ថិភាព និងស្ថិរភាពនៅលីប៊ី និងគាំទ្រដល់កិច្ចប្រឹងប្រែងប្រឆាំងអំពើភេរវកម្មដែលនឹងអាច ធ្វើឲ្យអន្តរាយដល់សកម្មភាពរបស់ក្រុមប្រដាប់អាវុធ និងបញ្ចប់ការជ្រៀតជ្រែក របស់បរទេសខុសច្បាប់ក្នុងកិច្ចការផ្ទៃក្នុងរបស់លីប៊ីផងដែរ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះ ប្រទេសអេហ្ស៊ីបតែងតែបានបង្ហាញពីការព្រួយបារម្ភ អំពីព្រំដែនដែលមានចម្ងាយ ១២០០គីឡូម៉ែត្រ ភាគខាងលិចរបស់ខ្លួន ជាមួយប្រទេសលីប៊ី ដែលជារឿយៗការរត់ពន្ធអាវុធ និងសកម្មប្រយុទ្ធ បានកើតមានយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ៕
ប្រែសម្រួល: ស៊ុន លី

