ព្រឹត្តិការណ៍

CREA៖ ឧបទ្ទវហេតុ រលំបាក់អាគារនៅកែប គួរជាមេរៀន សម្រាប់យើងទាំងអស់គ្នា

ភ្នំពេញ៖ សមាជិកសមាគមអ្នកជំនាញ អចលនទ្រព្យនៅកម្ពុជា នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០១៩ បានលើកឡើងនូវទស្សនៈរបស់ខ្លួន ជុំវិញឧបទ្ទវហេតុ រលំបាក់អាគារ នៅខេត្តកែប ដែលបណ្តាលឱ្យមនុស្ស៣៦នាក់ស្លាប់ និង២៣នាក់រងរបួស ថាជាសោកនាដកម្ម និងជាមេរៀនមួយ ត្រូវយកចិត្តទុកនិងប្រុងប្រយ័ត្ន បន្ថែមទៀត សម្រាប់រាល់សំណង់សាងសង់ នៅពេលក្រោយ ចៀសវាងនូវគ្រោះថ្នាក់ច្រំដែល។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សា សមាគមអ្នកជំនាញអចលនទ្រព្យ (CREA) បានលើកឡើងដោយក្តីសង្ឃឹមទុកជាមុនថា មន្ត្រីថ្នាក់ក្រោម នឹងយក បញ្ហា គ្រោះថ្នាក់ វិនាសកម្ម មួយនេះធ្វើជាមេរៀន និងបទពិសោធន៍ ដោយខិតខំធ្វើការ អោយបានម៉ត់ចត់ ច្បាស់លាស់ កុំធ្វេសប្រហែស ដើម្បីកាត់បន្ថយ រាល់គ្រោះថ្នាក់នានា ដែលកើតឡើងជាយថាហេតុ អោយបានជាអតិបរមា។

លោក បន្ថែមថា “ទឹកចិត្តជាឪពុក ពេលកូនធ្វើខុស សុខចិត្តតស៊ូលំបាកខ្លួនឯង។ សង្ឃឹមថាកូនៗនឹងខិតខំ ហើយយល់អំពីការលំបាករបស់ឪពុក”។

លោក ពុទ្ធី ថ្លែងបន្តថា “យើងឃើញថា បញ្ហានិងគ្រោះថ្នាក់ទាំងអស់ ក៏មិនចង់ឱ្យកើតឡើងដែរ ប៉ុន្តែវាកើតឡើងជាយថាហេតុ ជាចៃដន្យ ប៉ុន្តែបើយើងធ្វើការដោយម៉ត់ចត់និងល្អិតល្អន់ យើងអាចកាត់បន្ថយបាន ជាអតិប្បរមា។ យើងឃើញថា ប្រទេសរីកចំរើន មួយចំនួន ក៏អាចមានជួបគ្រោះថ្នាក់រលំអាគារដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងគួរយកគ្រោះថ្នាក់ ដែលកើតឡើងនៅក្រុងកែប ខេត្តកែប ធ្វើជាបទពិសោធន៍ និងខិតខំទាំងអស់គ្នា ដើម្បីចូលរួមចំណែកចែករំលែក ការលំបាករបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលត្រូវធ្វើតាមផ្លូវឆ្ងាយ ធ្វើការអត់ងងុយ ដល់ម៉ោង២ ៣យប់ ធ្វើការឈរហាលក្តៅ ដាច់បាយដាច់ទឹក យើងឃើញទាំងអស់គ្នា”។

បន្ថែមលើសនេះ លោក ពុទ្ធី ស្នើថា បើមន្រ្តីពាក់ព៏ន្ធ ចូលរួមកាត់បន្ថយកិច្ចការអស់ហ្នឹង ក៏អាចចូលរួមជួយដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

សោកនាដកម្ម ក្នុងឧបទ្ទវហេតុ បាក់រលំអាគារ កំពស់៦ជាន់ នៅក្រុងកែប ខេត្តកែប បណ្តាលឱ្យមនុស្ស ៣៦នាក់ស្លាប់ ក្នុងនោះ មានទាំងមេការសំណង់និងកូនរបស់ខ្លួនផងដែរ ដោយក្នុងម្ចាស់អាគារ ត្រូវបានឃាត់ខ្លួន ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។

យុទ្ធនាការ៧៣ម៉ោង ត្រូវបានបញ្ចប់ ដឹកនាំបញ្ជាផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅកន្លែងកើតហេតុដោយសង្រ្គោះបានជនរងគ្រោះ២៣នាក់ និងកាយយកសពជនរងគ្រោះបានចំនួន៣៦នាក់។ នេះជាលើកទី២ហើយ ដែលប្រមុខរាជរដ្ឋាភិបាល ដឹកនាំផ្ទាល់ បន្ទាប់ពីហេតុការណ៍បាក់រំលំអាគារ នៅខេត្តខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៩ ៕

Most Popular

To Top