ព្រឹត្តិការណ៍

លោកយាយជនជាតិជប៉ុន អាយុ ១១៧ ឆ្នាំ ត្រូវបានគេចាត់ទុក ជាស្ត្រី ចំណាស់បំផុត របស់ពិភពលោក

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ថា លោកយាយ Kane Tanaka បានបំបែកឯកត្តកម្មពិភពលោក ដែលជាស្ត្រីមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដែលបានអាយុរហូតដល់១១៧ឆ្នាំ ត្រូវបានគេប្រារព្វខួបកំណើតជូន នៅផ្ទះគិលានុបដ្ឋាន នៅក្រុង Fukuoka ភាគខាងត្បូងប្រទេសជប៉ុន ។

លោកយាយ Tanaka ធ្វើការកត់សម្គាល់សម្រាប់ថ្ងៃខួបកំណើត របស់លោកយាយដែលគេរៀបចំពិធីជប់លាងមួយ ជូនកាលពីថ្ងៃអាទិត្យ ដែលមានបុគ្គលិក និងមិត្តភក្តិជាច្រើន នៅផ្ទះគិលានុបដ្ឋាន ដោយមានការផ្សាយនៅ លើកញ្ចក់ទូរទស្សន៍ក្នុងស្រុក TVQ Kyushu ផងដែរ ។

គេបានដឹងថា លោកយាយ Tanaka ជាអ្នកដែលមានខួបកំណើតចំថ្ងៃទី០២ ខែមករា បានពិសារនំខេកមួយចំណែកតូច ពីពិធីខួបកំណើតរបស់គាត់ ជាមួយនឹង”ឳជារស” គាត់បានមានប្រសាសន៍ ជាមួយស្នាមញញឹម “ខ្ញុំចង់បានច្រើនលើសនេះ” ។

លោកយាយ Tanaka កាលពីឆ្នាំមុន ត្រូវបានគេបញ្ជាក់ថា ជាមនុស្សដែលរស់នៅបានយូរជាងគេបំផុត ដែលមានអាយុ១១៦ឆ្នាំនិង ៦៦ថ្ងៃ គិតត្រឹមថ្ងៃទី០៩ ខែមីនា ។ យោងតាមកំណត់ត្រាពិភពលោក Guinness World Records បានប្រកាសដូច្នេះ ។

លោកយាយ Tanaka កើតនៅក្នុងឆ្នាំ១៩០៣ និងបានរៀបការជាមួយលោក Hideo Tanaka នៅក្នុងឆ្នាំ១៩២២ ។ Guinness World Records បានដាក់ដូច្នេះ ។ គូស្វាមីទាំងពីរនេះមានកូនចំនួន៤នាក់ និងសុំកូនមកចិញ្ចឹមទី៥ចំនួនម្នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top