ព្រឹត្តិការណ៍

នាវាមុជទឹក នុយក្លេអ៊ែរអង់គ្លេស ស្ថិតនៅទីតាំង វាយប្រហារអ៊ីរ៉ង់ ក្នុងពេលភាពតានតឹង ក្រោយអាមេរិក សម្លាប់ឧត្តមសេនីយ៍ របស់អ៊ីរ៉ង់

បរទេស៖ កាលពីព្រឹកថ្ងៃអាទិត្យ សមាជិកប្រហែល ៥០ នាក់នៃសេវាកម្មអាកាសពិសេសអង់គ្លេស (SAS) ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ាក់ ដើម្បីជួយដល់ការជម្លៀស ប្រជាជនអង់គ្លេស ដែលអាចធ្វើឡើង បន្ទាប់ពីការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើករបស់អាមេរិក កាលពីថ្ងៃសុក្រ បានសម្លាប់ឧត្តមសេនីយ៍ ផ្កាយបីលោក Qasem Soleimani ប្រធានកងកម្លាំងពិសេស Quds របស់ក្រុមឆ្មាំបដិវត្តអ៊ីរ៉ង់ (IRGC) ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា នាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែររបស់កងទ័ព ជើងទឹកចក្រភពអង់គ្លេស នឹងស្ថិតក្នុងទីតាំងវាយប្រហារ ទៅលើប្រទេសអ៊ីរ៉ង់ ប្រសិនបើភាពតានតឹងបច្ចុប្បន្ន រវាងរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជុំវិញការសម្លាប់ឧត្តមសេនីយ៍ របស់អ៊ីរ៉ង់ ជាលទ្ធផលទូទៅនៅក្នុងជម្លោះ ប្រដាប់អាវុធពេញលេញ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Sun។

កាសែតនេះបានដកស្រង់ប្រភពព័ត៌មាន ការពារជាតិជាន់ខ្ពស់អង់គ្លេស ដែលនិយាយសុំមិនបញ្ចេញឈ្មោះថា នាវាចម្បាំង Astute-class hunter-killer ដែលប្រដាប់ដោយ កាំជ្រួចនុយក្លេអ៊ែរ Tomahawk បានស្ថិតក្នុងសភាព «ស្ងាត់ស្ងៀម» ក្នុងគម្លាតពីប្រទេសអ៊ីរ៉ង់។

ប្រភពបានបន្ថែមថា ទោះបីជាមិនមានការវាយប្រហារ លើកដំបូងក៏ដោយ“ រាល់ការប្រុងប្រយ័ត្ន គឺត្រូវបានធ្វើឡើង អាស្រ័យលើរបៀប ដែលអ៊ីរ៉ង់មានប្រតិកម្មចំពោះការស្លាប់ របស់ឧត្តមសេនីយ៍ Soleimani” ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top