ព្រឹត្តិការណ៍

លោក ត្រាំថា ទ័ពអាមេរិក នឹងមិនចាកចេញ ពីអ៊ីរ៉ាក់ឡើយ លុះត្រាតែ ក្រុងបាកដាដ ទូទាត់លើថ្លៃ មូលដ្ឋានយោធាខ្លួន ជាមុនសិន

បរទេស៖ សភាអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យ បានបោះឆ្នោតបណ្តេញកងទ័ព បរទេសទាំងអស់ចេញពីទឹកដីរបស់ខ្លួន និងកាត់ផ្តាច់ទំនាក់ទំនង ជាមួយសម្ព័ន្ធមិត្តប្រឆាំងភេរវកម្មអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក បន្ទាប់ពី ការធ្វើឃាតលោកឧត្តមសេនីយ៍ផ្កាយបី Qasem Soleimani ដែលជាមេបញ្ជាការកងកម្លាំងពិសេស Quds នៃកងកំលាំងឆ្មាំ បដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) កាលពីថ្ងៃសុក្រ នៅទីក្រុងបាកដាដ ដោយ សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយសំដៅ ដល់មូលដ្ឋានយោធា បាឡាដ ដែលមានទីតាំង នៅសហរដ្ឋអាមេរិក ចម្ងាយប្រហែល ៥០ ម៉ាយល៍ខាងជើងទីក្រុងបាកដាដ។

លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យនៅពេលធ្វើដំណើរត្រឡប់ទៅរដ្ឋ DC ពីរដ្ឋ Florida វិញថា “ យើងមានមូលដ្ឋានយោធាដែលមានតម្លៃអស្ចារ្យណាស់នៅទីនោះ។ វាបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បីសាងសង់មូលដ្ឋាន យោធានេះ។ ជាយូរមកហើយ មុនពេលវេលារបស់ខ្ញុំនៅពេលនេះ យើងនឹងមិនចាកចេញទៅ ណានោះទេ លុះត្រាតែពួកគេ (អ៊ីរ៉ាក់) សងយើងវិញ [… ] យើងនឹងផុ្តល់ឱ្យពួកគេនូវទណ្ឌកម្ម ដែលពួកគេមិនធ្លាប់បានឃើញពីមុនមក។

រដ្ឋបាលលោក ត្រាំ បានសម្តែងការខកចិត្តចំពោះ សេចក្តីសម្រេចចិត្តរបស់ សភាអ៊ីរ៉ាក់។ សម្ព័ន្ធអន្តរជាតិដឹកនាំដោយ សហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងផ្អាកប្រតិបត្តិការ ប្រឆាំងភេរវកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយបន្ថែមថា សកម្មភាពរបស់ខ្លួននឹងផ្តោតលើការការ ពារមូលដ្ឋានយោធាអាមេរិក នៅពេលមានស្ថានការណ៍ នៃការធ្វើឃាតនិងការ វាយប្រហារថ្មីៗលើទីតាំងនានាដែលមាន កងទ័ពអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top