តំបន់ត្រូពិក៖ ការសិក្សាមួយបានបង្ហាញថា តំបន់ត្រូពិកនៃផែនដី ដែលមានជីវចម្រុះច្រើនបំផុត នៅលើពិភពលោកកំពុងប្រឈមមុខ នឹងការដួលរលំនៃជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ដែលមិនធ្លាប់មានពីមុនមក បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការរួមផ្សំនៃការផ្លាស់ប្តូរអាកាសធាតុខ្លាំង និងសកម្មភាពមនុស្ស កំពុងបង្កើតជាព្យុះដ៏ល្អឥតខ្ចោះមួយ ដែលនាំតំបន់នានា ទៅរកភាពមហន្តរាយ។ តំបន់ព្រៃត្រូពិក និងថ្មប៉ប្រះទឹកផ្កាថ្មជាង ១០០ ទីតាំងត្រូវបានគូសបញ្ជាក់ បន្ទាប់ពីត្រូវបានបំផ្លិចបំផ្លាញ ដោយព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ និងខ្យល់ព្យុះ ។

អ្នកជំនាញដែលចូលរួម ក្នុងការសិក្សានេះអះអាងថា មធ្យោបាយតែមួយគត់ ដើម្បីការពារការខូចខាតបន្ថែមទៀត គឺកាត់បន្ថយការបំភាយឧស្ម័ន កាបូនឌីអុកស៊ីត ។ បណ្ឌិត Cassandra Benkwitt អ្នកបរិស្ថានវិទ្យាសមុទ្រ មកពីសាកលវិទ្យាល័យ Lancaster បានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ កំពុងបង្កឲ្យមានព្យុះខ្លាំង និងរលកកម្តៅសមុទ្រ។
សម្រាប់ថ្មប៉ប្រះទឹកផ្កាថ្ម ព្រឹត្តិការណ៍ដ៏អាក្រក់បែបនេះ កាត់បន្ថយគម្របផ្កាថ្ម និងបណ្តាលឲ្យមានការផ្លាស់ប្តូរយូរអង្វែង ដល់សហគមន៍ផ្កាថ្ម និងត្រីដោយបន្សល់នូវការគំរាមកំហែង ក្នុងតំបន់ពីគុណភាពទឹកមិនល្អ និងការនេសាទហួសកម្រិត ។

ទោះបីជាគន្លងរយៈពេលវែងសម្រាប់ថ្មប៉ប្រះទឹក នឹងពឹងផ្អែកទៅលើរបៀប ដែលព្រឹត្តិការណ៍ធ្ងន់ធ្ងរ មានអន្តរកម្មជាមួយស្ត្រេស ក្នុងតំបន់នេះ សូម្បីតែថ្មប៉ប្រះទឹក ដែលងាយនឹងទទួលរងនូវផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ និងអាកាសធាតុក្តៅខ្លាំងក៏ដោយ ៕ ដោយ៖លី ភីលីព
