ព្រឹត្តិការណ៍

ប្រធានាធិបតី តួកគី និយាយថា អាមេរិក កំពុងតែបន្ទន់ ឥរិយាបថ ស្តីពីប្រព័ន្ធការពារ Patriot

បរទេស៖ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា សហរដ្ឋអាមេរិក កំពុងតែបន្ទន់ឥរិយាបថរបស់ខ្លួន ស្តីពីការលក់ប្រព័ន្ធការពារអាមេរិក Patriot ហើយលោកបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន នៅពេលថ្មីៗនេះ បានស្នើឲ្យទីក្រុងអង់ការ៉ាធានាថា នឹងមិនដំណើរការប្រព័ន្ធការពាររុស្ស៊ី S-400 នោះទេ។ 

ប្រទេសតួកគីនិងសហរដ្ឋអាមេរិក ដែលសុទ្ធតែជាសមាជិកណាតូ បានខ្វែងគំនិតគ្នាជុំវិញរឿងទីក្រុងអង់ការ៉ាទិញប្រព័ន្ធការពារដែនអាកាសរុស្សី S-400 កាលពីឆ្នាំមិញ ដែលទីក្រុងវ៉ាស៊ីនតោននិយាយថា មិនត្រូវគ្នាជាមួយប្រព័ន្ធការពាររបស់សម្ពន្ធមិត្ត ហើយនឹងសម្របទៅតាមយន្តហោះចម្បាំងបំបាំងកាយអាមេរិក ដែលតួកគីកំពុងតែជួយផលិត ហើយនិងគ្រោងដឹកជញ្ជូនយកទៅ។ 

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបាននិយាយថា ប្រទេសតួកគីមិនអាចមានទាំំងប្រព័ន្ធការពារ S-400 និង Patriot នោះទេ ប៉ុន្តែក្រោយមានការកើនឡើងនូវការប្រយុទ្ធគ្នា ក្នុងតំបន់ Idlib ប្រទេសស៊ីរីភាគពាយព្យ ក្នុងឆ្នាំនេះ ទីក្រុងអង់ការ៉ាបានស្នើទីក្រុងវ៉ាស៊ីនតោន ឲ្យដាក់ពង្រាយប្រព័ន្ធ Patriot នៅតាមព្រំដែនរបស់ខ្លួនជាប់ប្រទេសស៊ីរី សម្រាប់ធ្វើកិច្ចការពារ៕  ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top