ព្រឹត្តិការណ៍

សេតវិមាន៖ លោក ត្រាំ មិនបានធ្វើតេស្ត រកមេរោគកូវីដ១៩នោះទេ ក្រោយមានទំនាក់ទំនង ជាមួយមនុស្ស៣នាក់ ដែលត្រូវគេដាក់ឱ្យនៅដាច់ដោយឡែក

បរទេស៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ត្រូវបានគេរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានទំនាក់ទំនងជាមួយមនុស្ស យ៉ាងតិច០៣នាក់ ដែលបានឈានដល់ការផ្តាច់ខ្លួនពី ដែលជាវិធានការប្រុងប្រយ័ត្ន បន្ទាប់ពីអ្នកទាំងនោះ ត្រូវបានគេចោទប្រកាន់ថា បានទាក់ទងជាមួយមនុស្សម្នាក់ នៅក្នុងសន្និសីទសកម្មភាព នយោបាយអភិរក្ស (CPAC) ដែលម្នាក់នោះ គឺបានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺរលាកសួត ធ្ងន់ធ្ងរកូវីដ១៩ បង្កឡើងដោយវីរុសកូរ៉ូណា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លេខាធិការសារព័ត៌មាន របស់សេតវិមានអាមេរិកលោកស្រី Stephanie Grisham នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃច័ន្ទបានអះអាងថា “ប្រធានាធិបតីមិនបានទទួល ការធ្វើតេស្តិ៍រកមេរោគ កូវីដ១៩ ទេ ពីព្រោះគាត់មិនបានទាក់ទង ជិតស្និទ្ធជាមួយអ្នកជំងឺ ដែលបានបញ្ជាក់ថា មានជំងឺនេះ ហើយគាត់ក៏មិនមានរោគសញ្ញាអ្វីដែរ” ។ ដោយបន្ថែមថា ” លោក ត្រាំ នៅតែមានសុខភាពល្អហើយគ្រូពេទ្យ របស់គាត់នឹងបន្តតាមដាន គាត់យ៉ាងដិតដល់” ។

នៅព្រឹកថ្ងៃដដែលនោះ លោក ដូណាល់ ត្រាំ បានធ្វើសន្និសីទសារព័ត៌មានមួយ ដែលលោកបាននិយាយថា រដ្ឋបាល របស់លោកនឹង ស្នើវិធានការសេដ្ឋកិច្ចមួយចំនួន ក្នុងគោលបំណងដោះស្រាយការធ្លាក់ចុះ ផ្នែកហិរញ្ញវត្ថុដែលបណ្តាលមក ពីការឆ្លងរាលដាលយ៉ាងឆាប់រហ័ស។ លោកមិនបានសួរសំណួរណាមួយទេ រួមទាំងសំណួរមួយអំពីថា តើគាត់ត្រូវបានគេធ្វើតេស្តរកមេរោគកូវីដ១៩ ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top