វ៉ាស៊ីនតោន៖ លោក Bill De Blasio អភិបាលក្រុងញូវយ៉ក បានជំរុញឱ្យប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ប្រកាសពីការកេណ្ឌ (ប្រមូលផ្តុំ) យោធាយ៉ាងពេញទំហឹង ចំពេលមានការផ្ទុះឡើង នៃវីរុសនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក De Blasio បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃព្រហស្បតិ៍ថា “វាមិនអាចយល់បានទេ វាជារឿងអសីលធម៌ ដែលប្រធានាធិបតីរបស់យើង មិនបានបញ្ជាយោធារបស់យើង ឱ្យប្រមូលផ្តុំពេញលេញ ពីព្រោះនេះ គឺជាការគំរាមកំហែងយ៉ាងខ្លាំង ដល់ប្រជាជាតិរបស់យើង” ។
លោកអភិបាលក្រុង ក៏បានចោទប្រកាន់ លោកប្រធានាធិបតីរូបនេះថា បានបាត់បង់រាល់ឱកាស ដើម្បីប្រយុទ្ធប្រឆាំង នឹងវីរុសនេះ (COVID-១៩) ។
នៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃព្រហស្បតិ៍ លោក De Blasio បានមានប្រសាសន៍ថា“ អ្នកកំពុងមើល និងរង់ចាំ ហើយបាត់បង់រាល់ឱកាស ដើម្បីមានភាពក្លាហាន និងដើម្បីការពារប្រទេសជាតិ របស់យើង” ។ លោក De Blasio បានបន្ថែមថា ទីក្រុងញូវយ៉ក កំពុងត្រូវការជំនួយសហព័ន្ធយ៉ាងខ្លាំង ដែលខ្លួនមិនបានទទួល។
កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានចុះហត្ថលេខា លើច្បាប់ជាកញ្ចប់ថវិកា សង្គ្រោះពីមេរោគកូរ៉ូណា ដែលនឹងផ្តល់ការធ្វើតេស្ត ដោយឥតគិតថ្លៃ សម្រាប់ការឆ្លងមេរោគ Covid-19 , ធានាការសម្រាប់ឈប់សម្រាក សង្គ្រោះបន្ទាន់រយៈពេលពីរសប្តាហ៍ និងបង្កើនថវិកាសហព័ន្ធ សម្រាប់កម្មវិធី Medicaid និងកម្មវិធីសន្តិសុខស្បៀង។
គិតត្រឹមថ្ងៃទី ១៩ ខែមីនា មានករណី ឆ្លងមេរោគកូវីដចំនួន ១៣.០៦០នាក់ នៅសហរដ្ឋអាមេរិក និងករណីស្លាប់ចំនួន ១៧៥នាក់។ នេះបើយោងតាម សាកលវិទ្យាល័យ Johns Hopkins ដែលបានប្រមូលទិន្នន័យ ពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) អាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា