បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍ម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានបាញ់មីស៊ីលផ្លោង វាយប្រហារក្នុងចម្ងាយខ្លី ចំនួនពីរគ្រាប់ ឆ្ពោះទៅកាន់សមុទ្រខាងកើត ហើយនេះ គឺជាព្រឹត្តិការណ៍ដ៏ថ្មីបំផុត ក្នុងដំណើរបាញ់តេស្តសាកល្បងអាវុធ ជាបន្តបន្ទាប់ របស់កូរ៉េខាងជើង នៅក្នុងខែនេះ។
អគ្គសេនាធិការចម្រុះ កូរ៉េខាងត្បូង បាននិយាយប្រាប់ថា មីស៊ីលទាំងពីរគ្រាប់នោះ ត្រូវបានបាញ់ចេញ ពីតំបន់ស្ថិតនៅជិតក្រុង Sonchon ក្នុងខេត្ត North Pyongan ឆ្ពោះទៅទិសឧត្តរ នៅវេលាម៉ោង ៦និង៤៥នាទី និងម៉ោង៦និង៥០នាទីព្រឹក ហើយហោះបានចម្ងាយប្រហែល២៥០ម៉ាយ ក្នុងរយៈកម្ពស់ ប្រហែល៣.២៨០ហ្វីត។
ចំណែកអាជ្ញាធរ កូរ៉េខាងត្បូងនានា បាននិយាយយ៉ាងដូច្នេះថា “អាជ្ញាធរស៊ើបការណ៍សម្ងាត់ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតែធ្វើការវិភាគ លក្ខណៈពិសេសផ្សេងៗទៀត ហើយយោធា របស់យើង កំពុងតែឃ្លាំមើលស្ថានភាព ក្នុងករណីមានការបាញ់តេស្ត បន្ថែមទៀត និងរក្សាគោលជំហរ ត្រៀមលក្ខណៈជាស្រេច”៕
ប្រែសម្រួល៖ប៉ាង កុង