បរទេស ៖ អង្គការសម្ពន្ធមិត្តណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យពួកសកម្មប្រយុទ្ធតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាត់បន្ថយកម្រិតអំពើហិង្សា និងចូលរួមកិច្ចពិភាក្សាសន្តិភាព ដោយនិយាយថា ការដោះលែងអ្នកទោស ក៏គួរតែពន្លឿនផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្តីពីកិច្ចប្រឹងប្រែងសន្តិភាព ឯកអគ្គរដ្ឋទូតសម្ពន្ធមិត្តនានា នៅក្នុងក្រុមប្រឹក្សាអាត្លង់ទិកខាងជើង របស់អង្គការណាតូ បាននិយាយថា “កម្រិតអំពើហិង្សានាពេលបច្ចុប្បន្ន ដែលពួកតាលីបង់បានបង្កឡើង គឺជារឿងមិនអាចទទួល យកបាននោះទេ”។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ពួកតាលីបង់បានច្រានចោលសំណើ ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ឲ្យមានបទឈប់បាញ់គ្នាសម្រាប់ខែ នៃពិធីបុណ្យរ៉ាម៉ាដាន បង្កឲ្យមានក្តីព្រួយបារម្ភ អំពីដំណើរការសន្តិភាព បន្ទាប់ពីពួកតាលីបង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចព្រមព្រៀងក្នុងខែកុម្ភៈ ស្តីពីការដកកងកម្លាំងបរទេសដឹកនាំដោយអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង


