ប៉េកាំង៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធ ទី២៩ ខែមេសានេះ បានឲ្យដឹថា បណ្តានៃក្រុមប្រទេស BRICS នៅថ្ងៃនេះ បានឈានទៅដល់កិច្ចព្រមព្រៀងគ្នា ក្នុងការចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងជំងឺរាតត្បាតកូវីដ១៩។
ប្រភពដដែលបានសរសេរទៀតថា ការឯកភាពនិងព្រមព្រៀងគ្នា បានធ្វើឡើង នៅក្នុងសន្និសីទវិសាមញ្ញ របស់រដ្ឋមន្រ្តីការបរទេស BRICS ស្តីពីបញ្ហាកូវីដ១៩។ កិច្ចប្រជុំតាមវិដេអូ ដែលដឹកនាំ ដោយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកSergei Lavrov និងដោយមានការចូលរួម ពីសំណាក់លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោកErnesto Araujo មន្រ្តីក្រសួងការបរទេសឥណ្ឌា លោកS.Jaishankar និងរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការអាហ្វ្រិកខាងត្បូង លោក Naledi Pandor ។
លោកWang ក្នុងអំឡុង នៃកិច្ចប្រជុំ បានអំពាវនាវ ដល់បណ្តាប្រទេស BRICS ធ្វើការឱ្យបានត្រឹមត្រូវ និងធ្វើអ្វីៗដែលសមស្រប ខណៈដែល COVID19 បានធ្វើឱ្យជីវិត និងសុខភាពរបស់ប្រជាជន នៅជុំវិញពិភពលោក ស្ថិតនៅក្នុងការគំរាមកំហែង យ៉ាងខ្លាំងនោះ។
គួរបញ្ជាក់ថា បណ្តាប្រទេសក្រុម BRICSនេះ រួមមានដូចជាប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី ប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេសអាហ្វ្រិកខាងត្បូងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី