ព្រឹត្តិការណ៍

កងទ័ពជើងទឹក អាមេរិកបង្ហាញកម្លាំង នៅដែនសមុទ្រ ចិនខាងត្បូង

បរទេស ៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានបន្តធ្វើសមយុទ្ធរបស់ខ្លួន នៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិកភាគខាងលិច បើទោះជាមានការផ្អាក សហសមយុទ្ធពហុជាតិ ដោយសារតែការឆ្លងរាតត្បាត នៃមេរោគកូវីដ១៩ក៏ដោយ ។

សេចក្តីថ្លែងការណ៍ របស់ទ័ពជើងទឹកអាមេរិកមួយ បាននិយាយប្រាប់ថា នាវាចម្បាំងទ័ពជើងទឹកប្រភេទ Independence នៅក្នុងសប្ដាហ៍នេះ បានធ្វើដំណើរល្បាតដែនទឹកមានជម្លោះ គឺសមុទ្រចិនខាងត្បូង ដោយនាវាចម្បាំង USS Montgomery និងនាវាចម្បាំងUSNS Cesar Chavez បានទៅដល់កាលពីថ្ងៃទី០៧ ខែឧសភា ក្នុងដំណើរគាំទ្រដល់នាវាខួងប្រេង ចុះបញ្ជីប៉ាណាម៉ា ហើយនាវាចម្បាំង USS Gabrielle Giffords បានទៅដល់កាលពីថ្ងៃអង្គារ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុននេះ កងទ័ពអាកាសនិងកងកម្លាំងម៉ារីនអាមេរិក បានធ្វើសមយុទ្ធហ្វឹកហាត់នានា នៅជិតប្រទេសចិន ស្របពេលមានភាពតានតឹងកើនឡើងក្នុងតំបន់ ជាទីមានជម្លោះដោយការអះអាង កម្មសិទ្ធិដែនសមុទ្រ ហើយចំណែកនៅសមុទ្រហ្វីលីពីនវិញ នាវាមុជទឹក៣គ្រឿង ចូលរួមជាមួយនាវានិងយន្តហោះរបស់កងនាវាលេខ៧របស់អាមេរិក សម្រាប់សមយុទ្ធហាត់ ប្រយុទ្ធរួមគ្នាមួយ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top