ព្រឹត្តិការណ៍

ជប៉ុនអនុម័ត យល់ព្រមឲ្យរោងចក្រ នុយក្លេអ៊ែ មានសមត្ថភាព ចម្រាញ់ទាយយក សារធាតុភ្លូតូនីញ៉ូម

បរទេស ៖ អាជ្ញាធរនុយក្លេអ៊ែនៅក្នុងប្រទេសជប៉ុន នាពេលថ្មីៗនេះ បានអនុម័តយល់ព្រមឲ្យរោងចក្រកែច្នៃឡើងវិញនូវឥន្ធនៈនុយក្លេអ៊ែ មានសមត្ថភាព ចម្រាញ់ទាយយកសារធាតុភ្លូតូនីញ៉ូម នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកជប៉ន ឈ្មោះ ក្យូដូ បានរាយការណ៍នៅថ្ងៃពុធម្សិលមិញនេះថា រោងចក្រដែលមានទីតំាងស្ថិតនៅក្នុងទីក្រុង Rokkasho ខេត្ត Aomori នឹងទាញយកឥន្ធនៈប្រើរួចពីរ៉េអាក់ទ័រ និងចម្រាញ់ទាញយកសារធាតុអ៊ុយរ៉ានីញ៉ូម ក៏ដូចជាសារធាតុភ្លូតូនីញ៉ូម ដែលអាចយកមកប្រើប្រាស់ជាថ្មីម្តងទៀត។

យោងតាមសេចក្តីរាយការណ៍ នៅពេលដាក់ឲ្យប្រតិបត្តិការ រោងចក្រ នឹងមានសមត្ថភាពអាច ធ្វើការកែច្នៃឥន្ធនៈប្រើរួចដ៏ច្រើន ប្រមាណ៨០០តោនក្នុងមួយឆ្នាំ និងចម្រាញ់យកសារធាតុភ្លូតូនីញ៉ួម ប្រហែល៨តោន ដែលប្រើប្រាស់ដើម្បីផលិតអុកស៊ីតរបាយ ឬហៅថា MOX ហើយគម្រោងនេះ ត្រូវបានគេប៉ាន់ស្មានថា ចំណាយអស់ប្រាក់ប្រហែល១៣០ពាន់លានដុល្លារ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top