ព្រឹត្តិការណ៍

លោក គីម ជុងអ៊ុន ធ្វើជាអធិបតី ក្នុងកិច្ចប្រជុំបក្សពិភាក្សា គោលនយោបាយនុយក្លេអ៊ែ

បរទេស៖ មេដឹកនាំកូរេខាងជើង លោក គីម ជុងអ៊ុន បានធ្វើជាអធិបតី លើកិច្ចប្រជុំគណៈកម្មាធិការយោធាកណ្ដាលមួយ និងបានពិភាក្សាគ្នា អំពីគោលនយោបាយថ្មីរបស់ប្រទេស សម្រាប់ការទប់ទល់បន្ថែម ចំពោះសង្គ្រាមនុយក្លេអ៊ែនេះបើតាមការចេញផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃអាទិត្យ។

យោងតាមកាសែត កូរ៉េខាងជើង KCNA បានឲ្យដឹងថា ក្រៅពីនោះ កិច្ចប្រជុំដ៏សំខាន់ របស់គណៈកម្មាធិការយោធាកណ្ដាលនោះ ក៏បានពិភាក្សា អំពីចំណាត់ការយោធាដ៏សំខាន់ និងវិធានការបែបអង្គការនិងនយោបាយ ដើម្បីពង្រឹងបន្ថែមទៀត នូវកងកម្លាំងប្រដាប់អាវុធទាំងអស់។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍សាធារណៈដំបូង របស់លោក គីម ជុងអ៊ុន គិតចាប់តាំងពីលោក បានធ្វើទស្សនកិច្ចរោងចក្រជីរមួយកន្លែង កាលពីថ្ងៃទី០១ ខែឧសភា ក្រោយលោកមិនបង្ហាញខ្លួន អស់រយៈ២០ថ្ងៃ បង្កឲ្យមានមន្ទិលសង្ស័យជាខ្លាំង ពាក់ព័ន្ធបញ្ហាសុខភាពរបស់លោក៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top