បរទេស៖ ក្រុមហ៊ុនការពារជាតិ ខ្នាតយក្សដ៏ល្បីរបស់សហរដ្ឋអាមេរិក Lockheed Martin ជាក្រុមហ៊ុនមេរបស់ Sikorsky នាពេលថ្មីៗនេះ ទើបទទួលបានកុងត្រា មានទំហំទឹកប្រាក់ ៩០៥លានដុល្លារអាមេរិក ឲ្យបញ្ជូនឧទ្ធម្ភាគចក្រ MH-60Rs ចំនួន២៤គ្រឿង ឲ្យទៅកងទ័ពជើងទឹកឥណ្ឌា។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កុងត្រាដែលកំពុងធ្វើឡើង ក្រោមកម្មវិធីលក់សម្ភារៈយោធា ឲ្យបរទេសរបស់សហរដ្ឋអាមេរិកនោះ គឺត្រូវបានផ្តល់ឲ្យ ដោយទីបញ្ជាការប្រព័ន្ធដែនអាកាសជើងទឹក របស់កងទ័ពជើងទឹក ហៅកាត់ថា NAVAIR។
តាមការប្រកាសកុងត្រា របស់មន្ទីរបញ្ចកោណ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ MH-60Rs ចំនួន៣គ្រឿង គឺសម្រាប់ទ័ពជើងទឹកអាមេរិក និងចំនួន ២១គ្រឿងទៀង គឺសម្រាប់រដ្ឋាភិបាលឥណ្ឌា ហើយជាមួយរឿងនេះ ឧទ្ធម្ភាគចក្រ MH-60Rs ចំនួន៣គ្រឿង ដែលបានផលិតរួចរាល់ទំាងស្រុង និងដើមឡើងត្រូវបានបម្រុងទុកសម្រាប់ ទ័ពជើងទឹកអាមេរិកនោះ នឹងត្រូវផ្គត់ផ្គង់ទៅឲ្យទ័ពជើងទឹកឥណ្ឌា៕
ប្រែសម្រួល៖ប៉ាង កុង