ព្រឹត្តិការណ៍

មេបញ្ជាការកងទ័ព ដ៏មានឥទ្ធិពលរបស់ថៃ៖ ការស្អប់ខ្ពើមប្រជាជាតិ ដែលកំពុងយាយី ប្រទេសថៃ គឺជាការគំរាមកំហែង ធំជាងវីរុសកូរ៉ូណាទៅទៀត

បរទេស៖ មេបញ្ជាការកងទ័ពដ៏មាន ឥទ្ធិពលរបស់ប្រទេសថៃ នៅថ្ងៃពុធនេះ បានប្រាប់ដល់ទាហានថា ការស្អប់ខ្ពើមប្រជាជាតិ ដែលកំពុងយាយីប្រទេសនេះ គឺជាការគំរាមកំហែងធំជាងវីរុសកូរ៉ូណា ដោយសារតែចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ កាន់តែខ្លាំងឡើង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រះរាជាណាចក្រនេះ មានការធ្វើបាតុកម្មស្ទើរតែរាល់ថ្ងៃ អស់រយៈពេលជាងពីរសប្តាហ៍ ដោយប្រជាជនថៃវ័យក្មេងភាគច្រើន ដែលបានបញ្ឆេះដោយកំហឹងរបស់ពួកគេ ចំពោះរដ្ឋាភិបាលរាជានិយមគាំទ្រដោយយោធា ដែលដឹកនាំដោយអតីត មេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា។

ការបង្ហាញការមិនសប្បាយចិត្តបំផុត បានកើតឡើងនៅយប់ថ្ងៃច័ន្ទ នៅពេលសិស្សក្មេងៗស្លៀកពាក់អាវផាយ Harry Potter បានអបអរសាទរមេធាវីម្នាក់ នៅពេលគាត់ដឹកនាំ ការពិភាក្សាអំពីព្រះរាជតួនាទីរបស់ព្រះមហាក្សត្រនៅប្រទេសថៃ។

ក្នុងដំណើរទស្សនកិច្ចនៅបណ្ឌិតសភាយោធា Chulachomklao នៅថ្ងៃពុធ មេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Apirat Kongsompong ដែលធ្លាប់បានរិះគន់ ឥស្សរជនគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីអតីតកាល បាននិយាយបែបបញ្ឆិតបញ្ឆៀងអំពី “ជំងឺ” នៃការរិះគន់ប្រទេសមួយ។

លោកឧត្តមសេនីយ៍ដ៏មានឥទ្ធិពលរូបនេះ បាននិយាយថា ជំងឺកូវីដ១៩ អាចព្យាបាលបានប៉ុន្តែជំងឺដែលមិនអាចព្យាបាលបាន គឺការស្អប់ខ្ពើមប្រជាជាតិ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top