ភ្នំពេញៈ ក្រសួងទេសចរណ៍ សហគ្រិនខ្មែរ (KE) ជាអង្គភាពមួយដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង Impact Hub Phnom Penh បានសហការចាប់ផ្តើមអនុវត្តន៍គម្រោង “ទេសចរណ៍ខ្មែរសម័យថ្មី” (Khmer Tourism For The Future)។
ទេសចរណ៍ខ្មែរសម័យថ្មី ជាកម្មវិធីបណ្តុះបណ្តាលសហគ្រិនមួយ ដែលបង្កើតឡើង ក្នុងគោលបំណងគាំទ្រធុរកិច្ចថ្មី (Startup) និងអាជីវកម្មផ្សេងៗក្នុងវិស័យទេសចរណ៍ឱ្យមានភាពធន់ នវានុវត្តន៍ភាព និងភាពច្នៃប្រឌិត ក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងប្រជាជនក្នុងតំបន់ ដែលកំពុងតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១។
កម្មវិធីនេះ នឹងចូលរួមបង្កើតជាផ្លូវដើរដ៏ថ្មីមួយ សម្រាប់វិស័យទេសចរណ៍កម្ពុជាដែលប្រកបដោយចីរភាព និងអាចក្រោកឈរឡើងវិញ នៅក្នុងរយៈពេល១២ខែទៅមុខទៀត។ កម្មវិធីនេះត្រូវបានចងក្រងឡើង សម្រាប់យុវជន ឬសហគ្រិនដែលមានគំរូអាជីវកម្ម ដែលគិតគូរទៅដល់បរិស្ថាន ឬអ្នកដែលមានធុរកិច្ចថ្មី (Startup) ដ៏មានសក្តានុពល និងឥទ្ធិពលវិជ្ជមានទៅដល់វិស័យទេសចរណ៍ក្នុងស្រុក។
គោលដៅចុងក្រោយរបស់កម្មវិធីនេះ គឺចង់ធ្វើឱ្យមានភាពជាក់លាក់ និងបង្កើនគំរូអាជីវកម្មថ្មីៗ ដែលផ្តោតទៅលើទីផ្សារក្នុងស្រុកឲ្យបានច្រើនជាងមុន។
លោកបណ្ឌិត វណ្ណ មុនិណ្ឌ នាយកសហគ្រិនខ្មែរបានមានប្រសាសន៍ថា «ក្នុងនាមជាអង្គភាពមួយ ដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសហគ្រិនខ្មែរ (Khmer Enterprise) មានចក្ខុវិស័យ ក្នុងការប្រែក្លាយទៅជាវេទិកាថ្នាក់ជាតិមួយ សម្រាប់លើកកម្ពស់សកម្មភាពសហគ្រិន នៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា “កម្មវិធី «ទេសចរណ៍ខ្មែរសម័យថ្មី” មានគោលបំណងជួយគាំទ្រទៅដល់សហគ្រិនក្នុងវិស័យទេសចរណ៍ ដែលកំពុងតែស្ថិតនៅក្នុងដំណាក់កាលដំបូង នៃការបង្កើតអាជីវកម្ម តាមរយៈការបង្រៀនអំពីការធ្វើជំនួញ ការបង្វឹកការភ្ជាប់បណ្តាញនិងការចុះធ្វើទស្សនកិច្ចសិក្សា” ។
ជាមួយគ្នានេះ Olivia Hough នាយកគ្រប់គ្រង Impact Hub Phnom Penh បានឱ្យដឹងថា វិស័យទេសចរណ៍គឺជាវិស័យមួយ ក្នុងចំណោមវិស័យសំខាន់បំផុត សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែវិស័យមួយនេះ ប្រហែលជាត្រូវបានរងការប៉ះពាល់ គួរឱ្យកត់សំម្គាល់។ នេះជាពេលវេលាមួយដ៏សំខាន់ ហើយក៏ជាពេលដែលយើងត្រូវចូលរួមគ្នា ដើម្បីគិតគូរ និងពិចារណាឡើងវិញនូវអ្វី នៃអនាគតទេសចរណ៍ ដែលពួកយើងចង់ឃើញ និងកសាង ឬប្រុងប្រៀបធុរកិច្ចថ្មី (Startup) និងអាជីវកម្មផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់អនាគតមួយនេះ។
លោកសុខ សុគន្ធ អនុប្រធានគម្រោង GMS បាននិយាយថា ក្រសួងទេសចរណ៍ មានក្តីរំភើបរីករាយណាស់ ដែលបានចូលរួមគាំទ្រ នៅក្នុងកម្មវិធីសហគ្រិនភាពមួយនេះ។ ទាំងអស់គ្នា ពួកយើងអាចកសាងវិស័យទេសចរណ៍ នាពេលអនាគតរបស់ប្រទេសកម្ពុជាអោយមានភាពធន់ ទូលំទូលាយ និងឈានទៅរកចីរភាព ៕