ព្រឹត្តិការណ៍

WHO៖ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងដល់ជាង ៦០លាននាក់ និងស្លាប់ជាង ១៤១ម៉ឺននាក់

ហ្សឺណែវ៖ យោងតាមតួលេខចុងក្រោយពី អង្គការសុខភាពពិភពលោក (WHO) ចំនួនករណីឆ្លងនៃជំងឺកូវីដ-១៩ បានកើនឡើងដល់ជាង ៦០ លាននាក់ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ រហូតដល់ ៦០,០៧៤,១៧៤ នាក់និងចំនួនអ្នកស្លាប់ បានកើនឡើងដល់ចំនួន ១,៤១៦,២៩២នាក់។

សហរដ្ឋអាមេរិក បានបន្តរាយការណ៍អំពីចំនួនអ្នកស្លាប់ និងការស្លាប់ខ្ពស់បំផុត ដែលមានចំនួនឆ្លង ១២,៤៤១,៩២៥នាក់ និងស្លាប់ ២៥៧,៨២៥ នាក់។ ប្រទេសឥណ្ឌា បានរាយការណ៍ថាមានករណីចំនួន ៩,២៦៦,៧០៥ ករណី ដែលបានបញ្ជាក់ និងមានអ្នកស្លាប់ចំនួន ១៣៥,២២៣ នាក់ និងប្រទេសប្រេស៊ីល មានករណីចំនួន ៦,១១៨,៧០៨ ករណី និងមានអ្នកស្លាប់ ១៧០,១១៥ នាក់។

ប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរគឺប្រទេសរុស្ស៊ី (ករណីចំនួន ២,១៨៧,៩៩០ ករណី) ប្រទេសបារាំង (២,១៣១,៣៧៦) អេស្បាញ (១,៦០៥,០៦៦) ចក្រភពអង់គ្លេស (១,៥៥៧,០១១) អ៊ីតាលី (១,៤៨០,៨៧៤) អាហ្សង់ទីន (១,៣៨១,៧៩៥) និងកូឡុំប៊ី (១,២៦២,៤៩៤)។

យោងតាមការិយាល័យប្រចាំតំបន់របស់អង្គការ សុខភាពពិភពលោក ទ្វីបអាមេរិក នៅតែជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយទីភ្នាក់ងារការពារជំងឺកូវីដ-១៩ ដោយមានករណីឆ្លងចំនួន ២៥,៤៦០,០១២ ករណីនិងមានអ្នកស្លាប់ចំនួន ៧០៨,៩៩៦ នាក់ បន្ទាប់មកនៅអឺរ៉ុបដែលមានករណីចំនួន ១៧,៧៦៦,៥៥៦នាក់ ត្រូវបានរាយការណ៍ និងអ្នកស្លាប់ចំនួន ៣៩៥,៩៩៧ នាក់។

នៅពេលដែលពិភពលោក កំពុងពុះពារទប់ទល់នឹងជំងឺរាតត្បាត ប្រទេសជាច្រើនរួមមានប្រទេសអាល្លឺម៉ង់ បារាំង ចិន រុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក កំពុងប្រជែងគ្នាស្វែងរកវ៉ាក់សាំងជំងឺនេះផងដែរ៕ដោយ ឈូក បូរ៉ា

Most Popular

To Top