ព្រឹត្តិការណ៍

វិភា​គៈ តើ​កម្ពុជា​ បានបង្ហាញ​លក្ខណៈសម្បត្តិ​កាន់តែច្រើន​ ដើម្បី​ទាក់ទាញ​លំហូរ FDI?

ភ្នំពេញៈ កម្ពុជា​គឺជា​ប្រទេស​ មាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន ដែល​បានបង្ហាញ​ពី​កំនើនសេដ្ឋកិច្ច​ខ្ពស់​រង្វង់៧ភាគរយ ក្នុង​រយៈពេល​ពី​ទស្ស​វត្ត​ចុងក្រោយ ខណៈ​ប្រហែល​ពាក់កណ្តាល នៃ​ប្រជាជនមាន​អាយុ​ក្រោម ២៥ឆ្នាំ ហើយ​កំណើនសេដ្ឋកិច្ច​ ត្រូវបាន​រំពឹងទុក​ថា​ នឹង​កើន​ឡើងជា​បន្តបន្ទាប់។

ប្រតិបត្តិការ​ភាគច្រើន ត្រូវបាន​ធ្វើឡើង ​តាមរយៈ​ប្រាក់​ដុល្លារ​អាមេរិក មិនមែន​រូបិយប័ណ្ណ​ក្នុងស្រុក​ទេ ដូច្នេះ​ហានិភ័យ​ នៃ​ការផ្លាស់ប្តូរ​ប្រាក់​មាន​តិចតួច។

គម្រោង​វិនិយោគ ដែល​ត្រូវ​បានអនុម័ត​ ដោយ​រដ្ឋាភិបាល​កម្ពុជា ត្រូវបាន​រួចផុត​ពី​ពន្ធ​សាជីវកម្ម និង​ពន្ធ​នាំចូល​សម្រាប់​វត្ថុធាតុដើម និង​គ្រឿង​បរិក្ខារ​សម្រាប់​រយៈពេល៩ឆ្នាំ។ នោះ​ហើយ​ជា​មូល​ហេតុដែល​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ចាត់ទុកថា ​ជា​ទិសដៅ​វិនិយោគ​ដ៏​ទាក់ទាញ​មួយ។

ផលិតផល​ក្នុងស្រុក​សរុប​ សម្រាប់​ម​នុស្ស​ម្នាក់ របស់​ប្រទេស​កម្ពុ​ជា មាន​ចំនួន១៦០០ដុល្លារ​ក្នុង២០២០ ហើយ​រំពឹងទុក​ថា​ នឹង​កើន​ឡើងដល់ ១៧៧១ក្នុង​ឆ្នាំ២០២១ ។ ប្រទេស​នេះ មាន​ភាព​ទាក់ទាញ​ខាង​វប្បធម៌ល្បីៗ នៅលើ​ពិភពលោក​ដូចជា ប្រាសាទអង្គរវត្ត ធនធាន​កម្លាំង​ពលកម្ម​ច្រើន និង​គោលនយោបាយ​មិត្តភាព ឆ្ពោះទៅរក​ការវិនិយោគ​បរទេស។

អរគុណ​ចំពោះ​គុណសម្បត្តិ​ទាំងនេះ ដែល​បានធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​ បាន​កើនឡើង​ច្រើនជាង ៧ភាគរយ​ក្នុង​រយៈពេល ២០ឆ្នាំ​ចុង​ក្រោយនេះ។

នៅ​ប្រទេស​កម្ពុជា កម្រិត​ប្រាក់​ឈ្នួល​មាន​កម្រិត​ទាប ដែលជា​ចំណុចខ្លាំង​មួយទៀត។ កាលពី​ឆ្នាំមុន ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំខែ នៅក្នុង​វិស័យ​កាត់ដេរ ​របស់​ប្រទេស​នេះ​មាន​ចំនួន ១៨២ដុល្លារ​អាមេរិក ដែល​ស្មើនឹង ៦០ភាគរយ នៃ​ប្រាក់​ឈ្នួល​របស់​ប្រទេស​ថៃ ដែល​នៅ​ជិតខាង។ ដោយមាន​កម្លាំង​ពលកម្ម​វ័យក្មេង និង​សម្បូរបែប ប្រទេស​កម្ពុ​ជាមាន​អត្រា ​ចូលរួម​កម្លាំង​ខ្ពស់បំផុត​នៅក្នុង​អាស៊ាន។

អ្វីដែល​ប្រសើរ​ជាង​នេះ ប្រទេស​កម្ពុជា​គឺជា​ប្រទេសមួយ ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ។ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទំនិញ​ដែល​នាំចូល​ពី​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​កម្ពុជា ត្រូវបាន​ផ្តល់​ការកាត់បន្ថយ ឬ​គ្មាន​អត្រាពន្ធ។

ដូច្នេះ ប្រទេស​កម្ពុជា​អាច​ទទួលបាន​អត្ថប្រយោជន៍ ពន្ធគយ​នៅពេល​នាំចេញ​ផលិតផល​ទៅ​សហរដ្ឋអាមេរិក​សហភាព អឺរ៉ុប និង​ជប៉ុន។ គ្មានអ្វី​ប្លែក​ទេ​ដែល​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ហៅថា “គុជ​ដែល​លាក់ខ្លួន​នៅ​អាស៊ីអាគ្នេយ៍” ។

ការនាំចេញ​របស់​ប្រទេស​កម្ពុជា ​ត្រូវបាន​រំពឹងថា នឹង​ទទួលបាន​ផលចំណេញ ដោយសារ​ការចុះហត្ថលេខា​លើ​ កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ ដែល​ប្រទេស​ចំនួន១៥ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ចូលរួម ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​ហាណូយ កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា។

នៅ​ឆ្នាំ២០២១នេះ មានរឿង​វិជ្ជមាន​ជាច្រើន​សំរាប់​កម្ពុជា ទាំង​ការអនុវត្តន៍​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ការអនុវត្ត​កិច្ចព្រមព្រៀង RCEP ការអនុវត្ត​កិច្ចព្រមព្រៀង​លើកលែង​ព​ន្ឋ (GSP) ពី​អង់គ្លេស​ដល់​កម្ពុជា ដែល​នឹងធ្វើ​ឲ្យ​កំណើន ​នៃ​ការនាំចេញ​កម្ពុជា​កើនឡើង។

ការវិនិយោគ​នៅ​កម្ពុជា កាន់តែ​ទាក់ទាញ​ច្រើន​ថែមទៀត ដោយ​ក្រុមហ៊ុន​ចិន អាមេរិក ជប៉ុន កូរ៉េ​ជាដើម​នឹង​ចូលមក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​នាំចេញ​ដោយ​រួច​ព​ន្ឋ។

ប្រទេស​ហត្ថលេខី​ទាំង១៥ មាន​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង១០ ដូចជា​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម។

RCEP ត្រូវបាន​ចាត់ទុកថា ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត នៅលើ​ពិភពលោក ដែល​គ្របដណ្តប់​ជិត​មួយ​ភាគបី នៃ​ចំនួន​ប្រជាជន​ពិភពលោក និង​ប្រហែល៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក។

ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង RCEP ត្រូវបាន​រំពឹងថា​នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​ក្នុង​តំបន់ ដែល​ធ្វើឱ្យ​ការនាំចេញ​របស់​កម្ពុជា​ទទួលបាន​ផលប្រយោជន៍។

អ្នកវិភាគ​បាន​និយាយថា ច្បាប់​វិនិយោគ​ដែល​បាន និង​កំពុង​ធ្វើ​សមាហរណកម្ម គោលនយោបាយ​ព​ន្ឋ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​អន្តរជាតិ ការលើកទឹកចិត្ត ​ដោយ​ឲ្យ​ជនបរទេស​អាចមាន​សិ​ទ្ឋ​បោះទុន ១០០ភាគរយ​នៅ​កម្ពុជា ការបង្កើត​ច្បាប់​សហកម្ម​សិ​ទ្ធិ ​និង​កត្តា​រួមផ្សំ​ដទៃទៀត សុ​ទ្ឋ​តែមាន​ចំណែក​ក្នុងការ​ទាក់ទាញ និង​រុញ​កម្ពុជា​ឲ្យ​រំកិល​ឈានឡើង​ពី​ទាសភាព មករក​ឧត្តមភាព និង​សម្រេច​វិបុលភាព ​សំរាប់​កម្ពុជា​នាពេល​អនាគត។

អ្នកវិភាគ​បាន​បន្ថែមថា “ប្រសិនជា​គ្មាន​ការដាក់ចេញ​ នូវ​គោលនយោបាយ ផែនការ​យុ​ទ្ឋ​សាស្ត្រ និង​ចក្ខុវិស័យ​ច្បាស់លាស់ ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទេ កម្ពុជា​នឹងមិន​អាច ​ងើបឡើង​លឿន​បែបនេះ​ទេ” ៕ ប្រភព៖ propertyarea.asia

Most Popular

To Top