ផ្សេងៗ

ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ ទេព ឃុនណា ដោយផ្តោតសំខាន់លើអត្តពលិកវ័យក្មេង

អត្តពលិកវាយកូនបាល់មកពី២១ប្រទេសបានចូលរួមប្រកួតប្រជែង ក្នុងពានរង្វាន់វាយកូនបាល់ ទេពឃុនណា (30th Annual Tep Kunnah Memorial Cup 2025) លើកទី៣០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដើម្បីរម្លឹកខួបអតីតកីឡាករជើងខ្លាំងរបស់កម្ពុជា លោក ទេព ឃុនណា។

កញ្ញា ស៊ុម ចិន្តា អ្នកសម្របសម្រួល ការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ទេព ឃុនណា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះដំណើរការប្រកួតចំនួន២សប្តាហ៍ ដោយសប្តាហ៍ទី១ ចាប់ផ្តើមពីថ្ងៃទី១០-១៥ ខែវិច្ឆិកា និងសប្តាហ៍ទី២ ចាប់ផ្តើមពីថ្ងៃទី១៦-២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ កញ្ញាបន្ថែមថា ការប្រកួតនេះមានកីឡាករ-កីឡារិនីកម្រិតបច្ចេកទេសខ្ពស់ៗ ដោយផ្តោតសំខាន់លើអត្តពលិកវ័យក្មេង ខណៈម្ចាស់ផ្ទះកម្ពុជាមានសមាសភាពកីឡាករ ៣ នាក់បានចូលរួមប្រកួតប្រជែងជាមួយកីឡាករអន្តរជាតិ ដើម្បីដកពិសោធន៍ និងបង្កើនគុណភាពបច្ចេកទេសឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានេះ កញ្ញា ស៊ុម ចិន្តា សង្កត់ធ្ងន់ថា សម្រាប់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៥នេះ សហព័ន្ធបានត្រៀមខ្លួនជាច្រើនខែមកហើយ ដើម្បីរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយលើការហូបចុក ស្នាក់នៅ ដឹកជញ្ជូនជាដើម ដើម្បីទទួលប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមកពីប្រទេសចំនួន២០ផ្សេងទៀតឱ្យទទួលបានភាពកក់ក្តៅ និងកិត្តិយសជាតិ ក្នុងនាមជាម្ចាស់ផ្ទះផងដែរ។

oplus_0

អ្នកសម្របសម្រួលព្រឹត្តិការណ៍រូបនេះឱ្យដឹងទៀតថា កីឡាករ កីឡាការិនីវាយកូនបាល់មកពី ២១ប្រទេស មានដូចជា ប្រទេសម៉ាឡេស៊ី សិង្ហបុរី ចិន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ឥណ្ឌា វៀតណាម ជប៉ុន អង់គ្លេស ន័រវែស ព្រុយណេ រុស្ស៊ី ស្រីលង្កា អូស្ត្រាលី នូវែលសេឡង់ អូទ្រីស បង់ក្លាដែស និងបារាំងជាដើម។

oplus_0
oplus_0
oplus_0

ជាមួយគ្នានេះ លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានឱ្យដឹងដែរថា ការប្រកួតនេះធ្វើឡើង ដើម្បីរម្លឹកគុណលោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់កម្ពុជាមួយរូបក្នុងអំឡុងឆ្នាំ១៩៦០ និងជាឪពុកបង្កើតរបស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។ លោក ទេព ឃុនណា គឺជាអតីតកីឡាករវាយកូនបាល់ឆ្នើមរបស់កម្ពុជា ដែលបានទទួលមរណៈភាពជាង២០ឆ្នាំកន្លងទៅ៕

ដោយ៖ លី ភីលីព

Most Popular

To Top