សៀមរាបៈ គម្រោងបង្កើត “ទីក្រុងឆ្លាតវៃ” (Smart City) នៅសៀមរាប បានល្បីរន្ទឺដល់អន្តរជាតិ ដោយត្រូវបានកាសែតចិនSouth China Morning Post យកទៅចុះផ្សាយ កាលពីថ្ងៃទី៤ មករា ឆ្នាំ២០២១ នេះ។
សារព័ត៌មាននេះ បានសរសេរវិភាគ យ៉ាងវែងអន្លាយដូច្នេះថា នៅក្នុងតំបន់អាស៊ី ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ មានកន្លែងតិចតួចណាស់ ដែលមានទេសចរណ៍វប្បធម៌ ច្រើនជាងក្រុងសៀមរាប ដែលជាផ្លូវ ចូលទៅកាន់ឧទ្យានបុរាណអង្គរ មុនពេលក្លាយជាគោលដៅទេសចរណ៍ ដែលលែងសូវពឹងផ្អែកខ្លាំងលើប្រាសាទអង្គរវត្ត ដោយសារតែមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗនៅទីនោះ។
សេដ្ឋកិច្ចក្នុងក្រុងសៀមរាប បានរងផលប៉ះពាល់ខ្លាំង ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ប៉ុន្តែដោយសារ មានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ កំពុងតែបន្តដំណើរការ ក្រុងនេះ ទំនងជាមិនប្រឈមវិបត្តិអ្វីធំដុំ រយៈពេលវែងនោះឡើយ។
ក្រុងសៀមរាប ទទួលបានការរីកចម្រើនយ៉ាងខ្លាំង ក្នុងទសវត្សរ៍ឆ្នាំ២០១០ ដោយសារទទួលបានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន ដែលសម្រុកទៅដើរលេងកម្សាន្ត តាមមាត់ស្ទឹងដ៏ទាក់ទាញ និងដោយសារទីនោះ សម្បូរសណ្ឋាគារប៊ូទិក (Boutique) និងសេវាកម្មបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ។
ចំនួនភ្ញៀវទេសចរ បានធ្លាក់ចុះខ្លះក្នុងឆ្នាំ២០១៩ ហើយការផ្ទុះករណីឆ្លងរាតត្បាតវីរុសកូវដ-១៩ បានបង្កផលប៉ះពាល់កាន់តែខ្លាំង ដល់វិស័យទេសចរណ៍ក្នុងក្រុងនេះ។ គិតមកត្រឹមចុងឆ្នាំ២០២០ ក្រុងនេះបានចាប់ផ្ដើមវិល ទៅរកស្ថានភាពស្ងាត់ជ្រងំ ដូចកាលពី ២០ ឆ្នាំមុន។
ទោះបីជានៅក្នុងប្រទេសកម្ពុជា គ្មានករណីស្លាប់ដោយសារវីរុសកូវីដ-១៩ និងមានការឆ្លងតែប៉ុន្មានរយនាក់បានការណីក្ដី ក៏ភោជនីយដ្ឋាន និងសណ្ឋាគារជាច្រើននៅសៀមរាប បានបិទទ្វារជាបណ្ដោះអាសន្ន ឬខ្លះបិទជាអចិន្ត្រៃយ៍ ហើយសូម្បីតែសណ្ឋាគារប្រណីតៗ រួមមានសណ្ឋាគារ Belmond សណ្ឋាគារ Sofitel និងសណ្ឋាគារ Raffles ក៏បានបិទទ្វារដែរ ហើយមនុស្សរាប់ពាន់នាក់ នៅក្នុងវិស័យសណ្ឋាគារ ទេសចរណ៍ និងបដិសណ្ឋារកិច្ចបានបាត់បង់ការងារធ្វើ។
ដោយឡែក គម្រោងជួសជុលកែលម្អផ្លូវថ្នល់មួយ ដែលបានចាប់ផ្ដើម នៅចុងរដូវវស្សាឆ្នាំកន្លងទៅ ដែលបានបង្កគ្រោះទឹកជំនន់ធ្ងន់ធ្ងរ បំផុតក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ បានធ្វើឱ្យប្រជាជននៅសៀមរាប រងទុក្ខវេទនាកាន់តែខ្លាំង ខណៈពួកគេត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងឱ្យរុះរើមួយផ្នែក នៃផ្ទះសម្បែង និងអាជីវកម្មរបស់ពួកគេរួចទៅហើយ ដោយសារគម្រោងជួសជុលកែលម្អផ្លូវនោះ។
វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បានបាត់បង់ភ្ញៀវទេសចរអន្តរជាតិ យ៉ាងច្រើនដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ប៉ុន្តែភ្ញៀវជាតិនៅតែនិយម ទៅលេងនៅទីនោះ។ តួយ៉ាងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវបានលើកពេលមកធ្វើនៅខែសីហា ជាប្រវត្តិសាស្ត្រដោយសារការឆ្លងវីរុសកូវីដ-១៩ ក្រុងនេះ ទទួលបានភ្ញៀវទេសចរជាតិ ជាង២១៤.០០០នាក់ និងប្រាក់ចំណូលបានពីការចាយវាយ របស់ពួកគេសរុប ត្រូវបានប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ ចំនួន១០០លានដុល្លារអាមេរិក។
ទោះជាយ៉ាងណា វិស័យទេសចរណ៍ក្នុងក្រុងនេះ ដែលរកចំណូលបាន១៥% នៃសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល នៅតែធ្លាក់ចុះខ្លាំងនៅឡើយ។
ខណៈពិភពលោក ទទួលបានវ៉ាក់សាំងកូវីដ-១៩ ជាបណ្ដើរៗ ការរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់លើការអនុញ្ញាត ឱ្យភ្ញៀវទេសចរចូលមកក្នុងប្រទេសកម្ពុជា នៅអនុវត្តនៅឡើយ។ នៅចុងឆ្នាំ២០២០ បានផ្ទុះព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ក្នុងរាជធានីភ្នំពេញ ដែលបង្កឡើងដោយភរិយារបស់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ។ ស្ត្រីជាភរិយារបស់មន្ត្រីជាន់ខ្ពស់រូបនេះ បានឆ្លងវីរុសកូវីដ-១៩ ហើយគាត់បានទៅកន្លែងផ្សេងៗគ្នា និងបានចម្លងទៅមនុស្សជាច្រើន។ មនុស្សរាប់ពាន់នាក់ ត្រូវបានធ្វើតេស្តរកវីរុសកូវីដ-១៩ ឬធ្វើចត្តាឡីស័ក។
អាកាសយានដ្ឋានអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា នៅដំណើរនៅឡើយ ប៉ុន្តែភ្ញៀវដែលចុះចតមានចំនួនតិចតួចប៉ុណ្ណោះ ដោយភាគច្រើននៅក្នុងរាជធានីភ្នំពេញ។ នៅខែតុលា មានជើងហោះហើរ ចេញ ចូលមកប្រចាំថ្ងៃជាមធ្យម ត្រឹមតែ១៧ជើងប៉ុណ្ណោះ។
ជាមួយគ្នានេះ ខេត្តដ៏មានសក្តានុពលនេះ បានលេចឡើងគម្រោងអភិវឌ្ឍន៍ធំៗ រួមទាំងគម្រោងរមណីយដ្ឋានធម្មជាតិធំជាងគេនៅកម្ពុជា មានឈ្មោះថា “Song Saa Reserve” ដែលគ្របដណ្តប់ផ្ទៃដីប្រមាណ១២៥ហិកតា បូកជាមួយបឹងឈូកបន្ទាយស្រី ទំហំប្រមាណ៨០ហិកតាផងនោះ នឹងជួយលើកសោភ័ណភាព ស្រុកបន្ទាយស្រីឱ្យ កាន់តែមានភាពទាក់ទាញ បន្ថែមទៀតនៅត្រឹមឆ្នាំ២០២៣ ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង លើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៣ ដែលអាចកែប្រែសោភ័ណភាពក្នុងតំបន់នេះ ដែលនឹងជួយទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន។
គម្រោងធំជាងគេ ក្នុងចំណោមគម្រោងទាំងនោះ គឺទីក្រុងរណប ដែលនឹងលេចចេញជារូបរាងក្នុងស្រុកសូត្រនិគម ស្ថិតនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រ នាភាគខាងកើតនៃខេត្តសៀមរាប។ ទីក្រុងឆ្លាតវៃ (Smart City) ដែលជាបណ្ដុំមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអគារខ្ពស់ៗនេះ ត្រូវបានឌីហ្សាញឡើង ដើម្បីឱ្យភ្ញៀវទេសចរ មានឱកាសបានទៅកម្សាន្ត នៅឧទ្យានជាតិភ្នំគូលែន ក្បែរនោះដែលជាប្រភពដើមកំណើត នៃអាណាចក្រអង្គរ និងទន្លេសាប ដែលជាបឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍។
ទីក្រុងថ្មីដែលមានឈ្មោះថា “ហ្គ្រែនសៀមរាប” (Grand Siem Reap) នេះគឺជាផ្នែកមួយនៃ “ផែនការមេសម្រាប់ការអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០-២០៣៥ (Siem Reap Tourism Development Master Plan 2020-2035)។ ផែនការនេះ ត្រូវបានផ្ដួចផ្ដើមឡើង មុនពេលផ្ទុះករណីឆ្លងវីរុសកូវីដ-១៩ និងត្រូវបានសម្រេចជាចុងក្រោយក្នុងខែតុលា ចុងឆ្នាំ២០២០ ។
លោកជុក ជំនោ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រកាសថា “យើងកំពុងត្រៀមបង្កើតក្រុងថ្មីមួយ ដោយអនុញ្ញាតឱ្យសាងសង់អគារខ្ពស់ៗ ដែលនឹងមិនធ្វើឱ្យប៉ះពាល់ ដល់តម្លៃនៃសម្បត្តិបេតិកភណ្ឌក្នុងខេត្តនេះឡើយ” ។
ជាមួយគ្នានេះ លោក David-Jaya Piot ប្រធានសមាគមសណ្ឋាគារ ប្រចាំខេត្តសៀមរាបបានលើកឡើងថា ដោយសារអង្គការយូណេស្កូ មិនអនុញ្ញាតឱ្យមានការសាងសង់អគារខ្ពស់ៗនៅជិតប្រាសាទអង្គរវត្ត ទើបបានជាគម្រោងក្រុងសៀមរាបថ្មី ត្រូវបានលើកសំណើឡើង។ លោកបានបន្ថែមថា គម្រោងទី២ ពោលគឺគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិមួយក្នុងខេត្តសៀមរាប ដែលធំបំផុតនៅក្នុងប្រទេសកម្ពុជា នឹងចំណាយអស់ទឹកប្រាក់៨៨០លានដុល្លារ។
គម្រោងអាកាសយានដ្ឋានសៀមរាបអង្គរ (Siem Reap-Angkor Airport) ដែលគ្របដណ្ដប់លើផ្ទៃដី៧០០ហិកតា ស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃប្រាសាទនេះ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែមីនា ឆ្នាំ២០២៣ ក្រោមការវិនិយោគ របស់ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធចិន Yunnan Investment ។
គម្រោងទី៣ ពោលគឺគម្រោង រមណីយដ្ឋានមួយមានឈ្មោះថា “បឹងអង្គរអច្ឆរិយៈ” (Angkor Lake of Wonder) លើផ្ទៃដី៧៥ហិកតា ដែលស្ថិតនៅចម្ងាយតែ៥០០ម៉ែត្រ ពីឧទ្យានអង្គរនេះ នឹងចំណាយអស់ប្រាក់រហូតដល់ ៣៥០លានដុល្លារ ហើយនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៥ ។ គំរោងនេះជាការវិនិយោគ ដោយក្រុមហ៊ុនកាស៊ីណូដ៏ធំ NagaCorp។ គម្រោងនេះ នឹងក្លាយជាបណ្ដុំសណ្ឋាគារផ្កាយ៥ សួនទឹក និងឆាយណាថោន (Chinatown) ឬក្រុងចិន។
ទីតាំងនៃគម្រោងរមណីយដ្ឋាននេះ បានបង្កឱ្យប្រជាជនក្នុងមូលដ្ឋាន និងក្រុមអ្នកបរិស្ថានមានការព្រួយបារម្ភ។ អង្គការតម្លាភាពអន្តរជាតិប្រចាំកម្ពុជា (Transparency International Cambodia) បានសម្ដែងការព្រួយបារម្ភថា តំបន់កម្សាន្តខាងលើនេះ អាចបង្កផលប៉ះពាល់ ដល់តំបន់បេតិកភណ្ឌរបស់ដូនតា ហើយនឹងបំផ្លាញគុណតម្លៃ នៃតំបន់បេតិកភណ្ឌវប្បធម៌។
ទោះជាយ៉ាងណា អាជ្ញាធរអប្សរា បានបដិសេធមិនឆ្លើយបំភ្លឺទេ ជុំវិញការចុះផ្សាយអត្ថបទនេះ៕ ប្រភព៖ https://www.propertyarea.asia/