បរទេស៖ស៊ីរីនិយាយថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើមូលដ្ឋានកងជីវពលគាំទ្រដោយអ៊ីរ៉ង់ នៅជិតព្រំដែនអ៊ីរ៉ាក់ នៅថ្ងៃពុធនេះ ក្នុងប្រតិបត្តិការវាយឆ្មក់មួយ ដែលប្រភពស៊ើបការណ៍សម្ងាត់និយាយថា ជាការវាយប្រហារមួយក្នុងចំណោមការវាយប្រហារដ៏ធំរបស់អ៊ីស្រាអែល នៅក្នុងពេលប៉ុន្មានខែថ្មីៗនេះ។
ទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA បាននិយាយថា ប្រទេសអ៊ីស្រាអែល បានធ្វើការវាយប្រហារទីតាំងនានា ក្នុងទីក្រុង Al Bukamal ស្ថិតនៅតាមព្រំដែន ក៏ដូចជាតំបន់នានា នៅក្នុងខេត្តនិងទីក្រុង Deir al Zor ដែលកងជីវពលមានវត្តមានច្រើន។
ប៉ុន្តែនៅពេលភ្លាមៗនេះ យោធាអ៊ីស្រាអែលមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយណាមួយ ចំពោះរឿងនេះនោះទេ ហើយនៅពេលត្រូវវិទ្យុអ៊ីស្រាអែល Reshet Bet សួរអំពីសេចក្តីរាយការណ៍នេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការដោះស្រាយអ៊ីស្រាអែល លោក Tzachi Hanegbi បាននិយាយថា លោននឹងមិនធ្វើការអត្ថាធិប្បាយណាមួយ អំពីហេតុការណ៍នោះឡើយ៕ប្រែសម្រួល៖ប៉ាង កុង

