ព័ត៌មានអន្តរជាតិ

ក្រុមនាវាផ្ទុកយន្តហោះអាមេរិក ចំនួនពីរ ធ្វើសមយុទ្ធ នៅសមុទ្រចិនខាងត្បូង

បរទេស៖ក្រុមនាវាផ្ទុកយន្តហោះអាមេរិកពីរក្រុម នៅថ្ងៃអង្គារនេះ បានធ្វើសហសមយុទ្ធនៅដែនសមុទ្រចិនខាងត្បូង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីនាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង ធ្វើដំណើរក្បែរកោះដែលចិនគ្រប់គ្រង នៅដែនទឹកមានជម្លោះ ស្របពេលចិនធ្វើការថ្កោលទោសសហរដ្ឋអាមេរិក ពីបទធ្វើឲ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាព។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ Theodore Roosevelt និង Nimitz បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដែលមានគោលដៅបង្កើនអន្តរប្រតិបត្តិការរវាងសម្ភារៈ ក៏ដូចជាទីបញ្ជាការនិងសមត្ថភាពគ្រប់គ្រង។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ គឺជាប្រតិបត្តិការនាវាផ្ទុកយន្តហោះពីរគ្រឿងលើកទីមួយ នៅក្នុងដែនទឹកមានជម្លោះនេះ គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២០មក។

នៅក្នុងទីក្រុងប៉េកាំង មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីង បាននិយាយថា សកម្មភាពញឹកញាប់ធ្វើឡើងដោយនាវាចម្បាំងនិងយន្តហោះអាមេរិក នៅក្នុងដែនសមុទ្រចិនខាងត្បូង ក្នុងដំណើរបង្ហាញកម្លាំងនោះ គឺគ្មានអំណោយផលល្អ ចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់នោះឡើយ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top