ព្រឹត្តិការណ៍

មកស្គាល់​ ស្ពានវែងជាងបំផុត នៅក្នុងតំបន់អាស៊ាន ចំណាយថវិកា សាងសង់អស់ ១,៤ពាន់លានដុល្លារ

ស្ពានថ្មីមួយឈ្មោះថា Temburong គឺជាស្ពានឆ្លងកាត់ទឹកវែងជាងគេបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ។ ស្ពាននេះស្ថិតក្នុងប្រទេសប្រ៊ុយណេ មានប្រវែង ៣០គីឡូម៉ែត្រ តភ្ជាប់ពីស្រុក មូអារ៉ា ទៅ ស្រុក Temburong ដែលអាចឱ្យប្រជាជន ធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក ដោយមិនចាំបាច់ឆ្លងកាត់រដ្ឋមួយ របស់ប្រទេសម៉ាឡេស៊ី ដូចលើកមុនទៀតនោះទេ ។

ប្រទេសប្រ៊ុយណេ ត្រូវបានបែងចែកជាពីរតំបន់ដោយរដ្ឋ សារ៉ាវ៉ាក របស់ម៉ាឡេស៊ី ។ មុនពេលស្ពាននេះ ត្រូវបានបើកឱ្យដំណើរការ អ្នកធ្វើដំណើរត្រូវឆ្លង កាត់ចំណុចត្រួតពិនិត្យ អន្តោប្រវេសន៍ចំនួន ៤ តាមបណ្តោយផ្លូវ ដែលជារឿយៗ តែងតែបង្កផលលំបាក ដូចជាការកកស្ទះចរាចរណ៍ជាដើម ។

ស្ពាន Temburong ជាស្ពានឆ្លងសមុទ្រភ្ជាប់ទឹកដី នៃប្រទេសប្រ៊ុយណេ ដោយកាត់បន្ថយពេលវេលាធ្វើដំណើរពី ២ ម៉ោងទៅតិចជាង ៣០ នាទី។ ស្ពានវែងជាងនៅក្នុង តំបន់អាស៊ានមួយនេះ ចាប់ផ្តើមដំណើរការសាងសង់ នៅក្នុងឆ្នាំ២០១៤ ដោយចំណាយរយៈអស់ជាង ៦ឆ្នាំ ទើបបញ្ចប់ជាស្ថាពរ។ បើតាមការឱ្យដឹង ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ របស់ប្រទេសប្រ៊ុយណេ បានឱ្យដឹងថា ស្ពាននេះចំណាយថវិកា ក្នុងការសាងសង់អស់ ១,៤ពាន់លានដុល្លារ អាមេរិក ដោយក្រុមហ៊ុនធំ២ របស់កូរ៉េ និង ចិន គឺជាអ្នកទទួលរ៉ាប់រងការសាង់សង់ ។

ការស្ថាបនាស្ពានវែងជាងគេនៅតំបន់អាស៊ាននេះ បានចាប់ផ្តើមនៅឆ្នាំ ២០១៤ ហើយត្រូវបានបើកដាក់ឱ្យដំណើរការនៅក្នុង ខែមីនា ឆ្នាំ ២០២០ កន្លងទៅ ។ ដោយសារវិបត្តិកូវីដ ស្ពាននេះ ត្រូវបានបើកមុនការកំណត់ ពោលគឺនៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២០ មួយថ្ងៃបន្ទាប់ពីប្រទេស ប្រ៊ុយណេ បានហាមឃាត់ជនបរទេស មិនឱ្យចូលក្នុងប្រទេសខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩។

បន្ទាប់ពីវិបត្តិកូវីដប្រសើរឡើងវិញ គេជឿជាក់ថា ស្ពានឆ្លងសមុទ្រដ៏វែងមួយនេះ នឹងអាចជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេស ប្រ៊ុយណេ កាន់តែច្រើនឡើងថែមទៀត ៕

Most Popular

To Top