មន្ត្រីគយ របស់ប្រទេសអ៊ីតាលី បានរឹបអូសយករថយន្ត Rolls-Royce Phantom មួយគ្រឿង ដែលត្រូវដឹកឲ្យក្រុមហ៊ុនមួយ នៅក្នុងទីក្រុងរ៉ូម។
យោងតាមមន្ត្រីគយខាងលើ បានឲ្យដឹងថា រថយន្តនេះ បាននាំចូលពីប្រទេសរុស្ស៊ី ប៉ុន្តែត្រូវបានគេរកឃើញថា មានបំពាក់កាប៊ីន ខាងក្នុងស្រោប ដោយស្បែកក្រពើ ពិតនៅលើកៅអី កន្លែងដាក់ដៃ និងទ្វាររថយន្ត។
វាមិនមែនជារឿង ចម្លែកទេ ក្នុងការឃើញរថយន្ត Rolls-Royce កែកុនផ្នែកខាងក្នុងបែបនេះ ប៉ុន្តែសត្វក្រពើ ជាប្រភេទសត្វ ដែលត្រូវបានការពារ ហើយការធ្វើជំនួញ លើស្បែកក្រពើ ត្រូវបានហាមឃាត់ ដោយអនុលោម តាមអនុសញ្ញាស្តីពីពាណិជ្ជកម្ម អន្តរជាតិ នៃសត្វព្រៃ និង រុក្ខជាតិជិតផុតពូជ (CITES) ។
មិនតែប៉ុណ្ណោះ មន្រ្តីអ៊ីតាលីបានកត់សម្គាល់ថា ការប្រើប្រាស់ស្បែកក្រពើ ត្រូវបានហាមឃាត់ បើសិនជាគ្មាន ការអនុញ្ញាតចាំបាច់។
ជាក់ស្តែង រថយន្ត Rolls-Royce ខាងលើ គឺគ្មានឯកសារ ដែលបញ្ជាក់ពីការអនុញ្ញាត ឲ្យប្រើប្រាស់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេកំពុងតែស្វែង យល់ពីលទ្ធភាព នៃការដកយកស្បែកក្រពើចេញ ដើម្បីអាចដោះស្រាយ យករថយន្តទៅបាន៕ sabay