ភូមា ឬ មីយ៉ាន់ម៉ា គឺជាឈ្មោះ របស់ប្រទេសមួយស្ថិតនៅតំបន់ ប្រជាជាតិអាស៊ីអាគ្នេយ៍ និងស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីប្រទេសកម្ពុជា ពោលគឺបាំងតែប្រទេសថៃមួយប៉ុណ្ណោះ និងធ្លាប់មានព្រំប្រទេសជាប់អាណាចក្រខ្មែរ កាលពីសម័យបុរាណ។
អ្នកខ្លះហៅប្រទេសនេះថា ភូមា (Burma) ឬខ្លះហៅថា មីយ៉ាន់ម៉ា (Myanmar) ប៉ុន្តែនៅមានមនុស្សមួយចំនួន ស្រពិចស្រពិលថា តើឈ្មោះនេះ មួយណាត្រឹមត្រូវ ឬក៏ត្រូវទាំងពីរ? មានមនុស្សតិចតួចណាស់ អាចផ្តល់ចម្លើយបែបនេះបាន ។ តាមពិតឈ្មោះផ្លូវការនៅលើឯកសារ ឈ្មោះរបស់ប្រទេសនេះគឺមីយ៉ាន់ម៉ា ដោយវាកើតឡើងនៅឆ្នាំ ១៩៨៩ នៅពេលដែលរដ្ឋាភិបាលយោធាបានដូរឈ្មោះពី ”ភូមា” មកជា “មីយ៉ាន់ម៉ា” ក្រោយពីមនុស្ស រាប់ពាន់នាក់ត្រូវបានសម្លាប់ក្នុងការបះបោរមួយ ។
ទោះជាយ៉ាងណា ប្រជាជនភាគច្រើនបន្តនៅប្រើឈ្មោះទាំងពីរ ផ្លាស់ប្ដូរគ្នាដោយតែម្ដង។ នៅពេលយោធាដណ្ដើមអំណាចពីរដ្ឋាភិបាលឧត្ដមសេនីយ៍ឈ្មោះ ណេ វិន នៅឆ្នាំ១៩៨៩ មានការជំរុញអោយបង្កើត អត្តសញ្ញាណជាតិមួយ ក្នុងចំណោមក្រុមជនជាតិភាគតិចដ៏ច្រើនរបស់ប្រទេស។
បើគេប្រើពាក្យថា “ភូមា” គឺគេអាចគិតថា សម្រាប់ជនជាតិភូមាតែប៉ុណ្ណោះ ដូច្នេះ ការប្រើពាក្យ មីយ៉ាន់ម៉ា គឺជានយោបាយដែលត្រូវបានសន្មតថា វាក្ដោបយកមនុស្សទាំងអស់នៅក្នុងប្រទេសនេះ ដោយសារតែដែនដី មីយ៉ាន់ម៉ា គឺចម្រុះដោយជនជាតិដើមច្រើន បើទោះជាភូមា មានភាគច្រើនក៏ដោយ ។ ការដូរឈ្មោះនេះក៏ជាវិធីមួយទៀតដើម្បីបំបាត់ ឥទ្ធិពលអាណានិគមអង់គ្លេស ចេញពីប្រទេស ៕