ព្រឹត្តិការណ៍

បវរកញ្ញាថៃ ត្រូវប៉ូលីសស៊ើបអង្កេត បន្ទាប់ពីការឆ្លងវីរុស ជាក្រុមឆ្លងចំនួន ២២ បានលេចចេញពី ព្រឹត្តិការណ៍ Miss Grand Samut Sakhon

បរទេស ៖ នៅថ្ងៃអាទិត្យ ប៉ូលីសបានព្រមានថា បវរកញ្ញាថៃ ដែលបានចូលរួមប្រកួតបវរកញ្ញា កាលពីខែមុន អាចប្រឈម នឹងការចោទប្រកាន់ ពីបទព្រហ្មទណ្ឌ ចំពោះការមិនពាក់របាំងមុខ ឬម៉ាស បន្ទាប់ពីការឆ្លងវីរុសជាក្រុមឆ្លងចំនួន ២២ បានលេចចេញពីព្រឹត្តិការណ៍នេះ។

យោងតាមសារព័ត៌មាន FRANCE24 ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្រ្តីថា បេក្ខនារី ១៣ នាក់និង ៩ នាក់ទៀត ដែលជាប់ ទាក់ទងនឹងការ ប្រកួតបវរកញ្ញា Miss Grand Samut Sakhon ដែលត្រូវបានរៀបចំឡើង នៅឯទីក្រុងបាងកក កាលពីចុងខែមិថុនា បានធ្វើតេស្តិ៍វិជ្ជមាន វីរុសកូវីដ១៩។

ប្រទេសថៃកំពុងប្រឈម នឹងការឆ្លងនៃរលកឆ្លងទី ៣ ដ៏សាហាវដែលមានករណីថ្មីចំនួន ៩ ៥៣៩ ត្រូវបានប្រកាសកាលពីថ្ងៃសៅរ៍ និង ៨៦ នាក់បានស្លាប់។

ស្នងការរងប៉ូលីសក្រុង លោក Piya Tawichai បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងបាងកក នៅថ្ងៃអាទិត្យថា“ ទំនងជាមានមនុស្សជាច្រើន ចូលរួមក្នុងការប្រកួតប្រជែងនេះ រួមទាំងអ្នកចូលរួមប្រកួតប្រជែង ដែលបានរំលោភច្បាប់ និងបទបញ្ញត្តិ” ។

ប៉ូលីសបាននិយាយថា ក្រុមអ្នករៀបចំ បានទទួលការអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍នេះ ប៉ុន្តែត្រូវអនុវត្តតាមវិធានជាក់លាក់ចំនួន ២០ រួមទាំងការពាក់ម៉ាសផង ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top