បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron តាមសេចក្តីរាយការណ៍ បានកោះហៅឯកអគ្គរាជទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះ ដើម្បីជាការឆ្លើយតប ចំពោះកិច្ចព្រមព្រៀងសហរដ្ឋអាមេរិកនិងអង់គ្លេស ដែលចែករំលែកបច្ចេកវិទ្យានាវាមុជទឹក ឲ្យដល់ប្រទេសអូស្ត្រាលី។
លោក Jean-Yves Le Drian ជារដ្ឋមន្ត្រីការបរទេសបារាំង បានធ្វើការបញ្ជាក់ថា លោកនិងលោកប្រធានាធិបតីបារាំង បានកោះហៅឯកអគ្គរាជទូត លោក Philippe Etienne ឲ្យវិលត្រឡប់ទៅប្រទេសវិញ និងបានកោះហៅឯកអគ្គរាជទូតបារាំងប្រចាំនៅអូស្ត្រាលី លោក Jean-Pierre Thébault ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Jean-Yves Le Drian បានមានប្រសាសន៍ដូច្នេះថា “ការសម្រេចចិត្តពិសេសនេះ គឺត្រូវបានធ្វើឡើងដោយទំនាញពិសេសនៃការប្រកាស ដែលបានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ដោយអូស្ត្រាលីនិងសហរដ្ឋអាមេរិក”។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី បានប្រកាសភាពជាដៃគូសន្តិសុខត្រីភាគីមួយ កាលពីថ្ងៃពុធ ដោយនិយាយថា គោលដ៏ចម្បងដំបូងរបស់វា គឺនឹងផ្តល់កងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ សម្រាប់អូស្ត្រាលី៕
ប្រែសម្រួល៖ប៉ាង កុង