ព្រឹត្តិការណ៍

ជ្រុងមួយនៃគំនិត៖ ចំណុចវិជ្ជមាន របស់កម្ពុជា ការកសាងផែនការ ច្បាស់លាស់ និងការបំពេញបន្ថែម

ភ្នំពេញៈ ការសម្លឹងទៅមុខប្រកបដោយទស្សនវិទ្យា និងចក្ចុវិស័យច្បាស់លាស់ ទាមទារនូវផែនទីចង្អុលបង្ហាញផ្លូវត្រឹមត្រូវមួយ ស្របពេលកម្ពុជាកំពុងលេចត្រដែត ឡើងលើឆាកអន្តរជាតិ វត្តមានអគារពាណិជ្ជកម្ម លំនៅដ្ឋានបានដុះច្រូងច្រាងពេញទីក្រុង។

ប៉ុន្តែលើវិថីឆ្ពោះទៅមុខ ដើម្បីសម្រេចបានវិបុលភាពបន្ថែម ទាមទារនូវការដើរតាមលំអានមួយ ដែលឈរលើមូលដ្ឋានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងប្រកបដោយទស្សនភ្លឺស្វាងជាងមុន ស្របពេលរាជរដ្ឋាភិបាលបាន និងកំពុងធ្វើការកែលំអរទាំងរចនាសម្ព័ន្ឋរឹ់ង និងទន់បណ្តើរៗហើយ។

អ្នកជំនាញអន្តរជាតិបានចង្អុលបង្ហាញ នូវទស្សនវិស័យចំនួនបី ដែលវានឹងជួយជំរុញ​ កំនើនសេដ្ឋកិច្ចកម្ពុជាផង ធ្វើឲ្យមានសុខកាយសប្បាយចិត្តផង និងទទួលបាននូវវិបុលភាព ដោយឈរលើមូលដ្ឋាននៃឆន្ទៈនយោបាយ ការសម្រេចចិត្តដោយ ឈរលើផែនទីច្បាស់លាស់ ព្រមទាំងមានធនាគារខួរក្បាល ប្រកបដោយភាពរ៉ឹងមាំ និងមានធនធនមនុស្ស ប្រកបដោយគុណវុឌ្ឍិផង។

* ការបែងចែកអំណាចច្បាស់លាស់រវាងស្ថាប័នកំពូល
នៅប្រទេសសិង្ហបុរី បានចំណាយពេលដល់ទៅ៦០ឆ្នាំ ទម្រាំមានការរីកចម្រើនខ្លាំងដូចសព្វថ្ងៃ។ ឥឡូវងាកមកកម្ពុជាវិញ ចំណុចសំខាន់បំផុត គឺការបែងចែកអំណាច ឱ្យច្បាស់លាស់ រវាងស្ថាប័នកំពូលទាំង៣ ពោលគឺស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងតុលាការ។

ត្រង់ចំណុនេះ ច្បាប់ត្រូវតែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ចៅក្រមត្រូវមានឯករាជ្យភាព ហើយស្ថាប័ននីតិប្រតិបត្តិ ត្រូវតែមានថាមពលគ្រប់គ្រាន់ ដើម្បីធ្វើការកែប្រែដើម្បីនាំ ប្រទេសឆ្ពោះទៅរកការរីកចម្រើន។ ច្បាប់នៅកម្ពុជា ហាក់មានការវិវឌ្ឍយឺតយ៉ាវជាងការអភិវឌ្ឍ ហើយទិដ្ឋភាពជាក់ស្តែងបានបង្ហាញថា នៅពេលមានការអភិវឌ្ឍ ទើបកម្ពុជា តាក់តែងច្បាប់តាមក្រោយ។

មុខជំនួញកាន់តែធំ យើងត្រូវមានខ្នងបង្អែក ឬបណ្ដាញកាន់តែធំនៅក្នុងប្រទេសនេះ។

ទោះជាយ៉ាងណា កម្ពុជាមានចំណុចវិជ្ជមានជាច្រើន ដោយ៦០ភាគរយ នៃអាជីវកម្មទាំងអស់ជាអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) និងគ្រប់គ្នាអាចពឹងផ្អែកបានលើតុលាការ ដើម្បីការពារយុត្តិធម៌ជូនពួកគេ ហើយច្បាប់ការពារគ្រប់គ្នាដោយស្មើភាព ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

បន្ទាប់មកកម្ពុជា នឹងជំរុញ SMEs បន្ថែម ឱ្យគោរពច្បាប់កាន់តែកាន់តែប្រសើរ ដោយគ្រប់គ្នាចាប់ផ្ដើមបង់ពន្ធ រដ្ឋាភិបាលធ្វើវិសោធនកម្មប្រព័ន្ធពន្ធដារ និងអ្វីៗគ្រប់យ៉ាងឱ្យកាន់តែប្រសើរឡើង។ សរុបជារួម ការបែងចែកអំណាចច្បាស់លាស់ រវាងស្ថាប័នកំពូលទាំង៣ គឺពិតជាមានសារៈសំខាន់ណាស់។

ឥឡូវងាកទៅមើលប្រទេសសិង្ហបុរី កាលពី៦០ឆ្នាំមុន លោក លី ក្វាន់យូ មេដឹកនាំសិង្ហបុរី ដែលកាលនោះលោកជាមេធាវី បានដឹកនាំប្រទេសដោយយកច្បាប់ជាគោល និងយកច្បាប់សំខាន់ជាងអ្វីៗទាំងអស់ ដើម្បីឱ្យគ្រប់គ្នាគោរពច្បាប់។ ហើយនៅកម្ពុជា ក៏គួរតែយកគំរូតាមសិង្ហបុរី ដើម្បីទាក់ទាញការវិនិយោគ ពីក្រៅប្រទេសឱ្យបានកាន់តែច្រើន។

បើធៀបនឹងប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាន យើងមើលឃើញថា កម្ពុជាគ្រាន់បើជាងគេ។ វិនិយោគិនទូទៅ មិនចង់ទៅវិនិយោគ នៅប្រទេសវៀតណាម មីយ៉ាន់ម៉ានោះទេ ព្រោះមិនដឹងថាគួរបង់ប្រាក់ឱ្យទៅអ្នកណា ដើម្បីឱ្យពួកគេមានឱកាស បានចូលជួបជាមួយមន្ត្រី ដែលជាតួអង្គដ៏សំខាន់ នៅក្នុងការធ្វើសេចក្ដីសម្រេចទាក់ទិនការវិនិយោគ។ និយាយរួមគឹមាននិភ័យខ្ពស់តែម្ដង ហើយប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ ដ៏ដូចគ្នាដែរ។

ដោយឡែកកម្ពុជា វិញគឺមានយុទ្ធសាស្ត្រល្អ ត្រង់មានបែងចែកអំណាចច្បាស់​លាស់ ដាច់ដោយឡែកពីគ្នារវាងស្ថាប័នទាំង៣។

*ការធ្វើផែនការអភិវឌ្ឍន៍ច្បាស់លាស់
រដ្ឋាភិបាលកម្ពុជា មានផែនការអភិវឌ្ឍន៍ច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដោយគួរងាកទៅពង្រីកការអភិវឌ្ឍន៍នៅក្រុងតាខ្មៅ។ កម្ពុជាគួរតែមានផែនការនគរូបនីយកម្ម ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដូចជា របៀប នៃការប្រើប្រាស់ដីធ្លីជាដើម ហើយទាំងអស់នេះ នឹងជំរុញឱ្យក្រុងតាខ្មៅ ក្លាយជាមជ្ឈមណ្ឌល ឬក្រុង ដែលមានការរៀបចំផែនការល្អដាច់គេ បន្ទាប់មកបង្វែរការវិនិយោគទាំងអស់ទៅក្រុងតាខ្មៅ ជំនួសឱ្យការវិនិយោគចូលមកភ្នំពេញ។

នៅពេលការវិនិយោគហូរចូលមកភ្នំពេញ វានឹងបែកខ្ញែកទៅគ្រប់កន្លែង ហើយនៅពេលនោះ វានឹងធ្វើឱ្យតម្លៃដីធ្លីគ្រប់ទីកន្លែងហក់ឡើងថ្លៃខ្ពស់ ហើយនៅពេលដីធ្លីហក់ឡើងថ្លៃខ្ពស់ពេក ពលរដ្ឋនឹងលែងមានលទ្ធភាពទិញ។ ប៉ុន្តែប្រសិនបើយើងផ្ដោតតែទៅលើការអភិវឌ្ឍក្រុងតាខ្មៅ ដែលនឹងក្លាយជាទីក្រុងថ្មីរបស់រាជធានីភ្នំពេញ នៅពេលអនា​គត ហើយបន្ទាប់មកបង្វែររាល់ការវិនិយោគទៅកាន់ទីនោះ ដែលមានអ្វីៗសព្វបែបយ៉ាងមិនថាមន្ទីរពេទ្យ សាលារៀន និងអ្វីៗគ្រប់យ៉ាង ពេលនោះវានឹងក្លាយជាទីក្រុងដ៏ទំនើប និងជាទីក្រុងដែលមានការរៀបចំផែនការល្អដាច់គេ។

ពលរដ្ឋនឹងមិនរងគ្រោះ ដោយសារដីធ្លីហក់ឡើងថ្លៃខ្ពស់ឡើយ ហើយវានឹងធ្វើឱ្យតម្លៃផ្ទះចុះទាប។ នៅពេលតម្លៃផ្ទះចុះទាប ពលរដ្ឋនឹងមានលទ្ធភាពរស់នៅទីនោះ។ ទោះជាយ៉ាងណា បើមានតែផ្ទះដែលមានតម្លៃចុះទាប តែគ្មានមន្ទីរពេទ្យ គ្មានសាលារៀនក៏ពលរដ្ឋមិនទៅនោះដែរ។ ដូចនេះការធ្វើផែនការអភិវឌ្ឍន៍ច្បាស់លាស់ នឹងអាចបញ្ចៀ​សការឡើងថ្លៃចំណាយទ្រទ្រង់ជីវភាព និងការឡើងថ្លៃអចលនទ្រព្យ។

* ការពង្រឹងវិស័យអប់រំឱ្យចំគោលដៅ
ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រូវពង្រឹងការវិស័យអប់រំឱ្យរឹងមាំ និងចំគោលដៅផងដែរ ជាពិសេសផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា។

បច្ចុប្បន្ននិស្សិតនៅកម្ពុជាភាគច្រើន បានសម្រុកនាំគ្នាសិក្សាជំនាញគណនេយ្យ និងគ្រប់គ្រងអាជីវកម្ម។

សំណួរសួរថា តើយើងមានអាជីវកម្មច្រើនកម្រិតណា ដែលយើងអាចធ្វើបាន? ដូច្នេះការជម្រុញវិស័យអប់រំចំគោលដៅ ពិតជាមានសារៈសំខាន់ណាស់។ នៅពេលវិស័យអប់រំឈានដល់កម្រិតមួយសមរម្យមួយ នោះសេដ្ឋកិច្ចកម្ពុជា នឹងរីកចម្រើនកាន់លឿនដោយសារយុវជនជំនាន់ថ្មី ដែលពោរពេញដោយសមត្ថភាព៕

ប្រភព៖ Propertyarea

Most Popular

To Top