ប្រទេសជាសមាជិកអាស៊ាន ចំនួនប្រាំពីរធ្លាប់មានកំណត់ត្រា សីតុណ្ហភាពក្ដៅបំផុត របស់ខ្លួនរហូតដល់ជាង៤០អង្សាសេ ខណៈបីប្រទេសផ្សេងទៀតនៅរង្វង់ជាង៣០អង្សាសេ ។
គេហទំព័រ LIVING ASEAN បានចុះផ្សាយពីកំណត់ត្រានេះ នៅលើគេហទំព័ររបស់ខ្លួន ដែលអាចរកបាននៅពេលនេះ ។ គេហទំព័រខាងលើបានសរសេរថា ប្រទេសមីយ៉ាន់ម៉ា មានសីតុណ្ហភាពក្ដៅបំផុតដល់៤៧,២អង្សាសេ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១០ នៅតំបន់ Myinmu។

សម្រាប់ប្រទេសថៃវិញ មានសីតុណ្ហភាពក្ដៅបំផុត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ក្នុងកម្រិត៤៤,៦អង្សាសេ ខណៈកំណត់ត្រាខ្ពស់បំផុតលើមុនគឺនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៦០ ក្នុងកម្រិត៤៤,៥អង្សាសេនៅតំបន់Uttaradit ។
ប្រទេសវៀតណាម មានកំណត់ត្រាសីតុណ្ហភាពក្ដៅបំផុត ៤២,៧ អង្សាសេនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ នៅតំបន់ Con Cuong ។ នៅកម្ពុជាវិញកំណត់ត្រាថ្មីនេះគឺ សីតុណ្ហភាពខ្ពស់បំផុត ៤២,៦អង្សាសេនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ នៅខេត្តព្រះវិហារ ។
ដោយឡែកប្រទេសហ្វីលីពីន នៅកោះមីនដាណាវ វិញសីតុណ្ហភាព ក្នុងកំណត់ត្រាគឺ៣៩,៤ អង្សាសេ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ។ កន្លងមកក៏មានរហូតដល់៤២,២ អង្សាសេនៅខែមេសា ឆ្នាំ១៩១២ និងខែឧសភា ឆ្នាំ១៩៦៩ ។
សម្រាប់ប្រទេសឡាវវិញ កំណត់ត្រាសីតុណ្ហភាពក្ដៅបំផុត គឺ៤២អង្សាសេនៅតំបន់ Thakhek នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ ស្មើទៅនឹងកំណត់ត្រាកាលពីខែមីនា ឆ្នាំ១៩៣៣ដែរ ។ ប្រទេសម៉ាឡេស៊ីវិញ កំណត់ត្រាក្ដៅបំផុតគឺ៤០,១ អង្សាសេ នៅតំបន់ Chuping នៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៩៨។

ចំណែកប្រទេសឥណ្ឌូនេស៊ីវិញ ក្ដៅបំផុតក្នុងកំណត់ត្រា គឺ៣៨,៨អង្សាសេ នៅទីក្រុងMakassarក្នងឆ្នាំ២០១២ ។ ប្រទេសសិង្ហសបុរីវិញ ក្ដៅបំផុតនៅកម្រិត៣៧អង្សាសេ នៅថ្ងៃទៅ១៧ ខែមេសា ឆ្នាំ១៩៨៣ ។ ចុងក្រោយ គឺប្រទេសប្រុយណេ មានសីតុណ្ហភាពក្ដៅបំផុត ក្នុងកំណត់ត្រា គឺ៣៥អង្សាសេនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ ៕
