ព្រឹត្តិការណ៍

មកដឹងអំពី ! អត្ថន័យពិធីស្រង់ព្រះ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ មិនសម្តៅតែលើ ព្រះពុទ្ធបដិមាទេ កុំភ្លេចព្រះរស់ក្នុងផ្ទះ

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានខិតជិតមកដល់ហើយ កន្លងមកប្រិយមិត្តខ្លះ លោកមិនទាន់បានដឹងអំពីអត្ថន័យច្បាស់លាស់ នៃពិធីស្រង់ព្រះនោះឡើយ អ៊ីចឹងថ្ងៃនេះ នឹងជម្រាប ជូននូវព័ត៌មានលម្អិត ក៏ដូចជាអត្ថន័យ នៃពិធីស្រង់ព្រះឲ្យប្រិយមិត្តទាំងអស់ គ្នាបានជ្រាបកាន់តែច្បាស់ ។

ជាទូទៅពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី ៣ ដែលត្រូវនឹងថ្ងៃឡើងស័ក ថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ ពុទ្ធបរិស័ទទាំងជិតឆ្ងាយ តែងតែមកវត្តអារាម នៅក្នុងថ្ងៃនេះ ដើម្បីធ្វើពិធីស្រង់ព្រះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬអ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ដោយបងប្អូនប្រជាពលរដ្ឋខ្មែរលោក មានជំនឿតៗគ្នាមកយូរមកហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ អ្នកមានគុណ សុទ្ធតែទទួលបានមកវិញ នូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារកាច់ផ្តាច់កម្មអកុសល លះបង់បាបអកុសលចាស់ៗ ចោល ហើយយើងសាងនូវកុសលថ្មី។

បងប្អូនត្រូវចងចាំថា ពិធីស្រង់ព្រះមិនសំដៅតែការស្រោចទឹក និង ការលាងសម្អាតព្រះពុទ្ធបដិមាតែមួយមុខប៉ុណ្ណោះទេ ព្រះរស់នេះហើយ គឺជាព្រះ ដែលតែងតែនៅក្បែរ មើលថែយើង រហូតមកតាំងពីតូចក្រូចឆ្មា ដូច្នេះគួរតែសម្តែង នូវការដឹងគុណ ការតបស្នងសងគុណ ចំពោះអ្នកមានគុណ កុំខ្មាសអៀនឲ្យសោះ កូនខ្លះហ៊ានសំពះអ្នកដទៃ តែបែរជាមិនអៀនដៃ សំពះព្រះរស់របស់ខ្លួនឯង ។

យ៉ាងណាមិញ បើតាមប្រសាសន៍ លោកតាអាចារ្យ ក្នុងវត្តកំសាន្ត នៅច្បារអំពៅក៏បានលើកឡើងផងដែរ ថា ពិធីនេះប្រជាជនខ្មែរ តែងប្រារព្ធធ្វើឡើងមិនដែលដាច់ នៅពេលចូលឆ្នាំខ្មែរម្ដងៗ និង មានជំនឿតៗគ្នាមកយូរហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ សុទ្ធតែទទួលបានមកវិញ នូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំ។ លោកតា ហី លាភ បន្តថា ទឹកតំណាងភាពត្រជាក់ ម្ល៉េះហើយនៅពេលស្រោចស្រព លើរាងកាយជនណាម្នាក់ ហើយនឹងបានត្រជាក់ ។ ទាំងអ្នកស្រោចស្រពឲ្យគេ និង គេស្រោចឲ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថា នឹងទទួលបាននូវបុណ្យកុសលល្អទៅថ្ងៃខាងមុខ និង ជាតិក្រោយ។

សូមជម្រាបថា ក្នុងរយៈពេល ៣៦៥ ថ្ងៃ ពិធីចូលឆ្នាំមានត្រឹមតែ ៣ ថ្ងៃទេ និង ចំរដូវដែលមានអាកាសធាតុក្ដៅ (ខែចេត្រ) ដែលអត្ថន័យ នៃពិធីនេះ មិនខុសអីពីការសំដែងដឹងគុណ ដល់អ្នកមានគុណនោះដែរ ព្រោះព្រះបដិមាសំដៅលើព្រះពុទ្ធ ដែលជាព្រះសំដែង ធម៌ទេសនា ប្រោសមនុស្សសត្វអស់កាលដ៏យូរ ដូច្នេះ ពុទ្ធបរិស័ទមកសំដែងគុណ ដោយធ្វើពិធីស្រង់ព្រះ លាងស្រោចដោយទឹកអប់ផ្កាភ្ញីជម្រះធូលីឲ្យត្រជាក់។ ចំណែកឯមាតាបិតា ឬចាស់ព្រឹទ្ធាចារ្យ ឬមានគុណ កូនចៅមកស្រោចទឹក ឬងូតទឹកដុសក្អែលឲ្យ ក៏ដើម្បីបង្ហាញពីការដឹងគុណ និង ឲ្យបានត្រជាក់ ពីឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ទាំងអស់គ្នា ៕

Most Popular

To Top