ប្រជាពលរដ្ឋខ្មែរ ពិតជាធ្លាប់ឃើញ និងចាប់អារម្មណ៍គ្រប់គ្នា ពីរូបភាពសត្វដំរី ឈរក្បែរប្រាសាទបាគង លើរូបិយវត្ថុ ក្រដាសប្រាក់ប្រភេទ៥០០០០រៀល (៛) របស់ខ្មែរ ។

មានមនុស្សតិចណាស់ដែលដឹងថា ដំរីនោះនៅទីណា និងស្ថិតនៅប្រាសាទមួយណា ក្នុងចំណោមប្រាសាទ រាប់ពាន់ក្នុងដែនដីកម្ពុជា ។ តាមពិតរូបចម្លាក់ដំរីដែលយើងឃើញមិនមែន ជារូបចម្លាក់ដំរី នៃប្រាសាទបាគងនោះទេ តែវាជារូបចម្លាក់ដំរី នៃប្រាសាទមួយ ក្នុងរាជធានីបុរាណ កោះកេរ្តិ៍។

ប្រាសាទនោះមានឈ្មោះថា ប្រាសាទដំរី ជាបុរាណដ្ឋានមួយ ក្នុងចំណោមរាប់រយក្នុងបរិវេណ តំបន់រាជធានីបុរាណកោះកេរ្តិ៍ ។ រូបចម្លាក់ដំរី ដែលនៅព័ទ្ធជុំវិញប្រាសាទត្រូវបានបែកបាក់ និងធ្លាក់មកខាងក្រោមជាដើម គឺមានតែរូបចម្លាក់មួយប៉ុណ្ណោះ ដែលបានរក្សារូបរាងល្អជាងគេ ហើយក៏ត្រូវបានយកប្រើនៅលើក្រដាសប្រាក់ ៥០០០០រៀល តែម្ដង ។

ប្រាសាទនៅតំបន់កោះកេរ្តិ៍ ភាគច្រើនត្រូវបានកសាងឡើង ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ ទ្រង់បានផ្លាស់ប្ដូរ រាជធានីពីយសោធបុរៈ(អង្គរ) ទៅតំបន់កោះកេរ្តិ៍ ហើយបច្ចុប្បន្នកម្ពុជា កំពុងស្នើបញ្ចូល ជាបេតិកភណ្ឌពិភពលោក៕
