ភ្នំពេញៈ ក្រុមស្ថាបត្យករដែលសិក្សា អំពីប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា និយាយថា ព្រែកជីកទាំងអស់នៅខេត្តសៀមរាប ប្រហែលត្រូវបានគេប្រើប្រាស់ជាផ្លូវ កាត់សម្រាប់ដឹកជញ្ជូនថ្មភក់ទំងន់ ៥លានតោនទៅក្នុងតំបន់ប្រាសាទ។
ថ្មភក់ដុំធំៗជាច្រើនដែលត្រូវបាន បុព្វបុរសខ្មែរយកទៅសាងសង់ប្រាសាទ បែបលទ្ធិសាសនាហិណ្ឌូដ៏ធំជាងគេបំផុត នៅលើពិភពលោក។ ក្នុងនោះដែរ ថ្មភក់មួយដុំមានទំងន់ចាប់ពី ១.៥តោនឡើងទៅ ហើយពួកវាទាំងនៅត្រូវបាន ដឹកជញ្ជួនពីភ្នំគូលេន ព្រមទាំងត្រូវបានគេគិតកាលពី យូរណាស់មកហើយថា វាត្រូវបានដឹកឆ្លងកាត់ព្រែកជីកប្រវែង៤០.២៣ គីឡូម៉ែត្រដើម្បីឆ្ពោះទៅកាន់បឹងទន្លេសាប និង ត្រូវបានបណ្តែតតាមក្បួនឆ្លងកាត់ បឹងទន្លេសាបក្នុងរយៈចំងាយ ៣២.១៨គីឡូម៉ែត្រ បន្ទាប់មក ត្រូវឆ្លងកាត់ខ្សែទឹកទន្លេសៀមរាប ១៦.០៩គីឡូម៉ែត្រទៀត។

យោងទៅតាមគេហទំព័រ NewScientist បានឲ្យដឹងថា ទោះបីជាយ៉ាងណាក្តីលោក Etsuo Uchida និង លោកIchita Shimoda មកពីមហាវិទ្យាល័យ នៅក្នុងទីក្រុងតូក្យូដែលបានប្រើប្រាស់ ផ្កាយរណបរូបភាពនិយាយថា ពួកគេបានធ្វើការពិនិត្យ និងវែកញ៉ែកអំពីព្រែកជីកបុរាណ ដទៃទៀតដែលបាន ធ្វើជាផ្លូវកាត់សម្រាប់គ្រោងការសាងសង់ ប្រាសាទនៅក្នុងសតវត្សរ៍ទី១២។
ទន្ទឹមនឹងនេះដែរ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ព្រែកជីកទាំងនេះត្រូវបានបុព្វបុរសខ្មែរ សាងសង់ឡើងយ៉ាងលំបាក ដោយមានចង្ងាយ ចាប់ពីភ្នំគូលេនឆ្ពោះទៅកាន់តំបន់អង្គរតែម្តង។ ម្យ៉ាងវិញលោក Uchida និង Shimoda ក៏បានរកឃើញកន្លែងយកថ្មចំនួន ៥០កន្លែងនៅជើងភ្នំគូលេន និងតំបន់ក្បែរនោះ។

លោក Uchida បាននិយាយថា គាត់មានការជឿជាក់ថាថ្មភក់ដែលត្រូវបាន គេយកទៅប្រសើរប្រាស់ដើម្បី កសាងប្រសាទអង្គរវត្តដ៏ធំមហិមានេះ ប្រហែលជាត្រូវបានដឹកជញ្ជួន តាមព្រែកជីកទាំងនេះ។ មិនតែប៉ុណ្ណោះ ពួកគេបានជឿថា ព្រែកជីកទាំងនេះត្រូវបានបុព្វបុរសខ្មែរ កសាងឡើងសម្រាប់គោលបំណងជាច្រើន ដោយជាក់ស្តែងការធ្វើជា ផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់ដឹកជញ្ជូន ឧបករណ៍សម្រាប់សាងសង់ប្រាសាទ។
