ព្រឹត្តិការណ៍

មេធំ Facebook ប្រាប់ពីបង្ហើបគន្លឹះមួយថា៖ ទំនាក់ទំនងក្នុង​វ័យជំទង់ គឺជាការសម្រេចចិត្តដ៏សំខាន់បំផុត​ របស់យុវជនក្នុងការកសាង​អនាគត

Mark Zuckerberg ជាស្ថាបនិកបណ្តាញសង្គម Facebook និងជា CEO ដំបូងគេបង្អស់ដែលបានក្លាយជាមហាសេដ្ឋីនៅត្រឹមអាយុ២៣ឆ្នាំ ក្នុងឆ្នាំ២០០៨ បន្ទាប់ពី Facebook ត្រូវបានគេនិយមប្រើប្រាស់ទូទាំងសកលលោកក្នុងរយៈពេល៤ឆ្នាំ។

Mark គឺជាបុគ្គលម្នាក់ ដែលបានកសាងខ្លួនបានក្លាយជាមហាសេដ្ឋី វ័យក្មេងដោយខ្លួនឯងក្នុងប្រវត្តិសាស្រ្ត ។ បច្ចុប្បន្ន Mark Zuckerberg អាយុ៣៨ឆ្នាំ មានទ្រព្យសម្បត្តិប្រមាណជា ៦២,៥ ពាន់លានដុល្លារអាមេរិក។ មនុស្សភាគច្រើនប្រហែលជាគិតថា ភាពជោគជ័យរបស់​​​ Facebook កើតឡើងដោយសារស្ថាបនិក របស់បណ្តោញសង្គមមួយនេះ បានបោះបង់ការរៀនសូត្រ នៅមហាវិទ្យាល័យ ដើម្បីចំណោយពេលជាច្រើន នៅតែក្នុងបន្ទប់គេង នៃមហាវិទ្យាល័យ Harvard​ ធ្វើរឿងដែលជាចំណូលចិត្ត និងទេពកោសល្យរបស់គាត់ គឺសរសេរកូដ ដើម្បីបង្កើតនូវបណ្ដាញ សង្គមហ្វេសប៊ុក ដ៏ធំសម្បើមនេះឡើង។

ការពិតជាក់ស្ដែងវាមិនមែនបែបនោះទេ គឺវាបណ្តាលមកពីការកសាងទំនាក់ទំនង កាលនៅរៀនមហាវិទ្យាល័យទៅ​វិញទេ ដែលជាធាតុផ្សំ នៃភាពជោគជ័យ របស់មហាសេដ្ឋីវ័យក្មេង​ Mark Zuckerberg រូប​នេះ ទោះបីលោកមិន បានរៀនចប់មហាវិទ្យាល័យក៏ដោយក្តី ។ មហាសេដ្ឋី ដែលបានចាប់ផ្តើមអាណាចក្ររបស់ខ្លួនក្នុងវ័យ១៩ឆ្នាំរូបនេះ ជាមួយនិងដៃគូរដ៏ល្អរបស់គាត់៤រូប ដែលមានចំណូលចិត្តដូចគ្នា ក្នុងការសរសេរកូដនា ពេលវ័យជំទង់របស់ពួកគេ ដើម្បីបង្កើតក្រុមហ៊ុន ដ៏មានឥទ្ធិពលមួយនាពេលបច្ចុប្បន្ន។

គេនៅចាំបាននៅក្នុង Podcast​ មួយកាលពីឆ្នាំ២០១៩ លោក Mark Zuckerberg បានលើកឡើងអំពីទំនាក់ទំនង ក្នុងភាពជាវ័យជំទង់ គឺជាការសម្រេចចិត្តដ៏សំខាន់ បំផុតរបស់យុវជន ក្នុងការកសាងមិត្តភាព ដើម្បីអនាគត ។ ជាមួយគ្នានោះសហការី ដែលត្រូវ ជាមិត្តរបស់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ មានចំនួន៤រូប ដែលបានរួមដំណើរជាមួយគ្នាចាប់ តាំងពីអំឡុងឆ្នាំ២០០​០មកម្ល៉េះ។

មេរៀនធំមួយដែលមហាសេដ្ឋីបច្ចេកវិទ្យាបានរៀនសូត្រក្នុងការកសាងទំនាក់ទំនងសម្រាប់មនុស្សវ័យជំទង់គឺ “ផ្តោតលើការកសាងទំនាក់ទំនង ជាជាងផ្តោតលើគោលបំណង” ពោលកសាងទំនាក់ទំនងដោយមិនគិតអំពីគោលបំណងខ្លាំង ពេក Mark បានបន្តបង្ហាញថា “យុទ្ធសាស្ត្របង្កើតបរិយាកាស ការងារកាន់តែស្អិតរមួត និង បង្កើនផលិតភាព កាន់តែច្រើន ប្រសិនបើអ្នកធ្វើការ ជាមួយមនុស្សដែលផ្តល់តម្លៃ ដល់អ្នកក្នុងការងារ អ្នកទំនងជាអាចសម្រេច បាននូវគោលដៅការងាររបស់អ្នកជាមួយគ្នាយ៉ាងរលូន”។ លោក​បាន​និយាយ​ថា វា​គឺ​ជា​ការ​ស្វែង​រក​ភាព​ត្រូវ​គ្នា​ផ្ទាល់​ខ្លួន មិន​ខុស​ពី “ការ​ជ្រើស​រើស​ដៃគូ” នោះទេ ។​

គួររម្លឹកថាលោក​ Mark Zuckerberg បានជួបសហស្ថាបនិក Facebook របស់គាត់ Eduardo Saverin, Dustin Moskovitz, Chris Hughes និង Andrew McCollum ⁠ខណៈដែលអ្នកទាំងប្រាំនាក់គឺជានិស្សិត នៅសាកលវិទ្យាល័យ Harvard នៅដើមទសវត្សរ៍ឆ្នាំ ២០០០​ ។ ដោយឡែកការងារ របស់ពួកគេ បានធ្វើបដិវត្តប្រព័ន្ធផ្សព្វផ្សាយសង្គម និងពិភ​ពលោកដោយបានក្លាយជាក្រុមហ៊ុន ដែលមានមូលធនប័ត្រទីផ្សារចំនួន ៥៣៨ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២២​ ៕

Most Popular

To Top