ព្រឹត្តិការណ៍

ពុទ្ធបាទទម្ងន់៣តោន កាលពីអំឡុងសតវត្ស១៤-១៦ កំពុងតាំងបង្ហាញក្នុងសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ

ភ្នំពេញ ៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ មានទម្ងន់ប្រមាណ៣តោន ដើម្បីផ្ដល់ការស្រាវជ្រាវ សិក្សាស្វែងយល់អំពីព័ត៌មានសំខាន់ៗជាច្រើនដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ ឲ្យយល់ដឹងចំពោះការគោរពសាសនា សិល្បៈ ប្រវត្តិសាស្ត្រ ជាមួយនឹងព្រឹត្តិការណ៍ដែលបានកើតមានកាលពីជាង៦០០-៧០០ឆ្នាំមុន នៅក្នុងតំបន់អង្គរ។

ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរខេត្តសៀមរាប លោក គុន ផល្លី ឲ្យដឹងថា ព្រះពុទ្ធបាទបុរាណធ្វើពីថ្មភក់មួយនេះ បានកសាងឡើងតាំងពីអំឡុងសតវត្សទី១៤-១៦នៃគ្រីស្តសករាជមកម៉្លេះ។ វត្ថុសម្រាប់សក្ការបូជានេះ មានទម្ងន់ប្រមាណជា៣តោន មានបណ្តោយមានប្រវែង ២,១០ម៉ែត្រ ទទឹង ១,១៥ម៉ែត្រ និងមានកម្ពស់ ៣១សង់ទីម៉ែត្រ។

លោក គុន ផល្លី ឲ្យដឹងទៀតថា ព្រះពុទ្ធបាទនេះ មានលាបម្រ័ក្សណ៍ព័ណ៌ខ្មៅ ក្រហម និងទឹបទឹកមាសតាំងពីពេលកសាងមក ។ នៅចំកណ្តាលពុទ្ធបាទមានរូបកងចក្រចំនួន១៦កាំ និងនៅជុំវិញកងចក្រមានឆ្លាក់ចម្លាក់ផ្សេងៗចំនួន១០៨ ដែលគេយល់ថា អាចជាសិរីមង្គល នៅក្នុងក្រុមធំៗចំនួន៥ ទាក់និងសញ្ញាសិរីមង្គលទាំង១០៨នេះ។ តាមការសិក្សាស្រាវជ្រាវបង្ហាញថា តាំងអតីតកាលពុទ្ធបាទនេះ ត្រូវបានប្រជាជនខ្មែរ ចាត់ទុកជាវត្ថុសក្តារៈគោរពបូជាយ៉ាងសំខាន់ ចំពោះព្រះពុទ្ធសាសនាថេរវាទ និងបានដាក់តម្កល់នៅ ក្នុងរួតព្រះពាន់នាអំឡុងសតវត្សរ៍ទី១៤ រហូតដល់ឆ្នាំ១៩៨៥។

សូមបញ្ជាក់ថា ការដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលជាកេរដំណែលសល់ក្រោយពីសម័យអង្គរនេះ បានធ្វើឡើងរយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន៕

Most Popular

To Top