ក្រៅពីវិចិត្រករ បុរាណវិទូ និងអ្នកជំនាញថតរូប លោក ហ៊្សក ហ្គ្រោស៍លីយេរ៍ ក៏ជាស្ថាបនិក និងចាងហ្វាងសារមន្ទីរ «អាល់ប៊ែរត៍ សារ៉ូត៍» ដែលជាឈ្មោះសារមន្ទីរជាតិកម្ពុជា នៅពេលបើកសម្ភោធក្នុងឆ្នាំ១៩២០។ លោកក៏បានចុះបេសសកម្មទៅតាមបណ្តាខេត្តនានាទូទាំងស្រុកខ្មែរ ដើម្បីស្រាវជ្រាវ និងប្រមូលវត្ថុបុរាណខ្មែរ។
ក្នុងរយៈពេលជាង ២៥ឆ្នាំ លោកបានចូលរួមអភិរក្ស និងផ្សព្វផ្សាយចំណេះដឹងស្តីពីសិល្បៈខ្មែរ ទាំងមរតកបុរាណវត្ថុខ្មែរ និងសិល្បៈសហសម័យ។ ដោយសារលោកមានជំនក់ចិត្តក្នុងវិស័យទស្សនីយភាព តន្រ្ដី និងគំនូរ លោកបានចូលសិក្សាសិល្បៈតាំងពីវ័យកុមារ។ លោកបានសិក្សាពីរបាំព្រះរាជ្យទ្រព្យ នៅរាជធានីភ្នំពេញអស់រយៈពេល១០ខែ ដើម្បីគូរកម្រងស្នាដៃដំបូងក្រោមចំណងជើងថា «នាដការិនីខ្មែរសម័យបុរាណ និងទំនើប» បោះពុម្ពផ្សាយក្នុងឆ្នាំ១៩១៣។
ចាប់ពីឆ្នាំ១៩១៦ មកលោកបានរួមរស់ជាមួយភរិយារបស់លោក និងប្រសូតបានកូនចំនួន ៣នាក់ ក្នុងនោះ កូនប្រុសពៅនាម ប៊ែរណាដ៍ ហ្វីលីព ហ្គ្រោស៍លីយេរ៍ ក៏ជាបុរាណវិទូ និងជាចាងហ្វាងអភិរក្សដ្ឋានអង្គរក្នុងទសវត្សរ៍ឆ្នាំ១៩៦០ទៀតផង។ គ្រួសាររបស់លោករស់នៅក្នុងផ្ទះមួយ ដែលសព្វថ្ងៃជាអគាររដ្ឋបាលនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
នៅថ្ងៃទី១៨ មិថុនា ឆ្នាំ១៩៤៥ លោកបានទទួលមរណភាព ដោយសារការធ្វើទារុណកម្មសួរចម្លើយរបស់ជប៉ុន។ លោកបានបន្សល់ទុកនូវស្នាដៃ គួរឲ្យកត់សម្គាល់ជាច្រើនដូចជា ប្រលោមលោក ស្នាដៃស្រាវជ្រាវ អត្ថបទទស្សនាវដ្តី រឿងរ៉ាវទាក់ទង នឹងការធ្វើដំណើរ និងកម្រងឯកសារផ្សេងៗ ដែលមានភាពប្រាកដនិយមអម ដោយទឡ្ហីករណ៍ជាក់លាក់ជារូបថត និងជារូបគំនូរដោយដៃ ៕