ក្រោយពីមនុស្សចេះបង្កើតតួអក្សរមក កំណត់ត្រាជាច្រើន ត្រូវបានបង្កើតឡើងតាមរយៈវិធីផ្សេងៗដូចជា ឆ្លាក់ជាសិលាចារឹក ឬ ក៏សរសេរលើស្បែកសត្វជាដើម។ កំណត់ត្រាទាំងនេះ ធ្វើឡើងក្នុងគោលបំណងខុសៗគ្នា ដោយចាប់ពីការកត់ត្រាពីជំនួញ រហូតដល់ ការចុះសន្ធិសញ្ញាធំៗ។

ចំពោះសន្ធិសញ្ញាសន្តិភាពដំបូងបង្អស់វិញ ក៏ធ្វើឡើងតាមរយៈសំណេរដែរ។ សន្ធិសញ្ញាសន្តិភាពនេះ ធ្វើឡើងក្នុងឆ្នាំ ១២៧១ មុនគ្រិស្តសករាជ រវាងព្រះចៅផារ៉ាអុង (ងារស្ដេចអេហ្ស៊ីបសម័យបុរាណ) Rames ទី២ និង ស្ដេច Hattusilis ទី៣ ដែលជាស្ដេចនៃនគរ Hittites ដែលស្ថិតនៅតំបន់មជ្ឈិមបូព៌ាក្នុងពេលបច្ចុប្បន្ន។
សន្ធិសញ្ញានេះ សរសេរ ២ច្បាប់ ដោយមួយសរសេរជាភាសាអេហ្ស៊ីបសម័យបុរាណ និង មួយទៀតសរសេរក្នុងភាសាអាកាដដែលជាភាសាតំបន់មេសូប៉ូតាមី (Mesopatamia)។

វាមិនត្រឹមតែធ្វើឡើង ក្នុងគោលបំណង បញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃរាប់ឆ្នាំរវាង អេហ្ស៊ីប និង Hatti (ទួរគីបច្ចុប្បន្ន) ទេ តែថែមទាំងជាសន្ធិសញ្ញាចងសម្ព័ន្ធមិត្តគ្នាទៅវិញទៅមក លើព្រឹត្តិការណ៍នយោបាយក្រៅស្រុក ក្នុងស្រុក និង បត្យាប័ន (ការចាប់បញ្ជូនអ្នកទោសមកកាត់ទោសនៅប្រទេសកំណើត) នូវជនបះបោរ ជនភៀសខ្លួននយោបាយ ជាដើម។
យ៉ាងណាក៏ដោយ សន្តិភាពមួយនេះមានអាយុកាលបាន ៤០ឆ្នាំ ប៉ុណ្ណោះដោយសារតែការដួលរលំនៃនគរ Hittite។

សន្ធិសញ្ញាច្បាប់ចម្លង ត្រូវបានរក្សាទុកក្នុងប្រាសាទ Karnak នៅប្រទេសអេហ្ស៊ីប រីឯច្បាប់ដើមត្រូវបានកត់នៅលើផ្ទាំងប្រាក់៕
