ព្រឹត្តិការណ៍

លេចចេញ​គម្រោង​ រថភ្លើងធុនស្រាល ​ពីរខ្សែភ្ជាប់ព្រលាន ​យន្តហោះសៀមរាប-អង្គរ និង​ព្រលាន​អន្តរជាតិតេជោ-ភ្នំពេញ

ក្រុមហ៊ុន​ចិន China Metro Group គ្រោង​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​ធុនស្រាល​ចំនួន២ខ្សែគឺ៖

១. គម្រោង​ផ្លូវរថភ្លើង​ ធុនស្រាល​តភ្ជាប់​ពីអាកាសយានដ្ឋាន អន្តរជាតិ​ ខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុង​សៀមរាប

២. គម្រោង​ផ្លូវរថភ្លើងធុនស្រាល ​តភ្ជាប់ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ទៅកាន់​រាជធានីភ្នំពេញ។

គម្រោង​នេះ​ត្រូវបានបញ្ជាក់ដោយ​លោក Li Kuo ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន China Metro Group ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០២៣ ក្នុងអំឡុងពេល​សម្តេច​ចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅក្រុងប៉េកាំង។

លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បាន​បន្ថែម​ថា ក្រុមហ៊ុន ក៏នឹង​សិក្សា​អំពី​លទ្ធភាព​ផ្សេងៗ ក្នុងការជួយសម្រាល​បន្ទុកចរាចរណ៍​នៅកម្ពុជា​ផងដែរ។

ជាការឆ្លើយតប សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បានថ្លែង​អំណរគុណ និងបានបញ្ជាក់អំពីការគាំទ្រចំពោះគម្រោងនានា ដែលក្រុមហ៊ុន China Metro Group បាន និងកំពុងសិក្សានៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាចរាចរណ៍ ព្រមទាំងបានផ្តល់ជាអនុសាសន៍ ដល់ក្រុមហ៊ុន ឱ្យមានការគិតគូរសព្វគ្រប់ជ្រុងជ្រោយ មានជាអាទិ៍ ការអភិវឌ្ឍផ្លូវដែកធុនស្រាល, ស្ពានអាកាស និងផ្លូវក្រោមដីជាដើម ៕

Most Popular

To Top