កីឡា

ភ្នំពេញ និងសៀមរាប ដណ្តើមមេដាយមាស លើប្រភេទកីឡា វាយកូនឃ្លីលើតុ នៃប្រកួតកីឡា សិស្សបឋមសិក្សា ថ្នាក់ជាតិ ២០២២

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្រុមកីឡាកុមារារាជធានីភ្នំពេញ និងខេត្តសៀមរាប ដណ្តើមបានមេដាយមាស និងសំរិទ្ធដូចគ្នា លើប្រភេទកីឡា វាយកូនឃ្លីលើតុ ក្នុងចំណោម៨ប្រភេទ នៃប្រកួតកីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិ ២០២២ ចាប់ផ្តើមហើយ នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក ។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានមានប្រសាសន៍ថា ថ្ងៃនេះវិញ្ញាសាវាយក្រុមកុមារា និងវាយគូបានបញ្ចប់ហើយ ក្នុងនោះវិញ្ញាសាវាយក្រុមកុមារា ក្រុមកីឡាកុមារា ខេត្តសៀមរាប ឈ្នះមេដាយមាស ក្រុមកីឡាកុមារា ខេត្តស្ទឹងត្រែងទទួលបានមេដាយប្រាក់ និងក្រុមកីឡាកុមារា រាជធានីភ្នំពេញ ទទួលបានមេដាយសំរិទ្ធ ។

ចំណែកវិញ្ញាសាវាយគូកុមារា ក្រុមកីឡាកុមារារាជធានីភ្នំពេញ ឈ្នះមេដាយមាស ក្រុមកីឡាកុមារា ខេត្តស្ទឹងត្រែងទទួលបានមេដាយប្រាក់ និងក្រុមកីឡាកុមារា ខេត្តសៀមរាប ទទួលបានមេដាយសំរិទ្ធ ។ ដូច្នេះរាជធានីភ្នំពេញ ទទួលបានមេដាយមាស និងមេដាយសំរិទ្ធ ខេត្តស្ទឹងត្រែង ទទួលបានមេដាយប្រាក់២ និង ខេត្តសៀមរាប ទទួលបានមេដាយមាស និងមេដាយសំរិទ្ធ។

សម្រាប់ប្រភេទកីឡាវាយកូនឃ្លីលើតុមាន ៦ ខេត្តចូលរួមដូចជារាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តកំពត។ យើងបានដាក់៦វិញ្ញាសារួមមាន វិញ្ញាសាវាយឯកត្តជនកុមារា-កុមារី វិញ្ញសាវាយជាគូកុមារា-កុមារី និងកុមារា-កុមារីវាយជាក្រុមខ្វែង។
ការប្រកួតនេះមាន៨ប្រភេទកីឡា ស្មើនឹង៣៤វិញ្ញាសា លើប្រភេទ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និង តេក្វាន់ដូ ITF ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៦៧៧នាក់ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។

ការប្រកួតកីឡានេះ ទៅតាមគន្លងប្រក្រតីភាពថ្មីដែរ ដោយរក្សានូវវិធានការ ការពារជាប់ជានិច្ច ពោលគឺរក្សាអនាម័យ វាស់កម្ដៅ រក្សាគម្លាត និង ពាក់ម៉ាសជាប្រចាំ ។ ការប្រកួតធ្វើឡើងដើម្បីបំផុសសកម្មភាពអប់រំ កាយ និងកីឡា ក្នុង គ្រឹះស្ថានសិក្សា និងនៅតាមរាជធានី-ខេត្ត និងជួយឲ្យសិស្ស មានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិត ស្វាញ សំដៅដណ្ដើម បានលទ្ធផលល្អប្រសើរ លើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និង ជីវភាពរស់នៅសុខដុមរមនា៕

Most Popular

To Top