កីឡា

កីឡាតេក្វាន់ដូ WT និងតេក្វាន់ដូ ITF សម្រាប់ការប្រកួតកីឡា សិស្សបឋមសិក្សា ថ្នាក់ជាតិ ២០២២ ចាប់ផ្តើមថ្ងៃនេះហើយ

ភ្នំពេញ ៖ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ប្រភេទកីឡាតេក្វាន់ដូ WT និងតេក្វាន់ដូ ITF ក្នុងចំណោមកីឡា៨ប្រភេទ បានចាប់ផ្តើមការប្រកួត នៃប្រកួតកីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិ ២០២២ ចាប់ផ្តើមហើយនៅអាគារ ប៊ូយ៉ុង ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក និង ទីលានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនជាន់ទី៤ ។

សម្រាប់ប្រភេទកីឡាតេក្វាន់ដូ ITF មាន ៧ ខេត្តចូលរួមដូចជារាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តស្ទឹងត្រែង ខេត្តតាកែវ ខេត្តកណ្តាល ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដោយមានកីឡាករ-កីឡាការិនីចូលរួមចំនួន៣៧នាក់ និងគ្រូបង្វឹក៧នាក់ ក្នុងនោះកីឡាការិនី ១៨នាក់ ព្រមទំាងកីឡាករ២២នាក់។ យើងបានដាក់៥វិញ្ញាសា រួមមាន វិញ្ញាសាមេគុនឯកត្តជនកុមារា-កុមារី ចាប់ពី ៦ឆ្នាំ ទៅ ១០ ឆ្នាំ ហើយ ១០ឆ្នាំ ទៅ ១២ឆ្នាំ និងវិញ្ញសាបច្ចេកទេស ពិសេសចំនួន៣បច្ចេកទេស ។

ចំណែកសម្រាប់ប្រភេទកីឡាតេក្វាន់ដូ WT វិញមាន ១០ ខេត្តចូលរួមដូចជារាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពត ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តសៀបរាម ខេត្តមណ្ឌលគីរី និងខេត្តរគនគីរី ដោយមានកីឡាករ-កីឡាការិនីចូលរួមចំនួន៣៩នាក់ និងគ្រូបង្វឹក១០នាក់ ក្នុងនោះកីឡាការិនី ១៧នាក់ ព្រមទំាងកីឡាករ២២នាក់ ។ យើងបានដាក់៤វិញ្ញាសារួមមាន វិញ្ញាសាមេគុនឯកត្តជនកុមារា-កុមារី ចាប់ពី ៨ ឆ្នាំ ទៅ ១២ ឆ្នាំ និងវិញ្ញសាមេគុនគូ៨ឆ្នាំ ទៅ ១២ ឆ្នាំ ។

ការប្រកួតនេះមាន៨ប្រភេទកីឡា ស្មើនឹង៣៤វិញ្ញាសា លើប្រភេទ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និង តេក្វាន់ដូ ITF ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៦៧៧នាក់ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។

ការប្រកួតកីឡានេះ ទៅតាមគន្លងប្រក្រតីភាពថ្មីដែរ ដោយរក្សានូវវិធានការការពារ ជាប់ជានិច្ច ពោលគឺរក្សាអនាម័យ វាស់កម្ដៅ រក្សាគម្លាត និង ពាក់ម៉ាស ជាប្រចាំ ។ ការប្រកួតធ្វើឡើង ដើម្បីបំផុសសកម្មភាពអប់រំ កាយ និងកីឡាក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី-ខេត្ត និងជួយឲ្យ សិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិត ស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អ ប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា៕

Most Popular

To Top