ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួន នៅប្រទេសកម្ពុជា ។
បើតាមការបង្ហាញរបស់ក្រសួង រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាន នៅផ្នែកសនៃភ្នែកឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របកភ្នែក ជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែក ឬចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៌ភ្នែក (ពណ៌ខ្ទុះ ឬពណ៌ទឹកបាយ) ឈឺគ្រាប់ភ្នែក។
ជំងឺភ្នែកក្រហមនេះ បណ្តាលមកពីមូលហេតុធំៗដូចជា៖
១-បង្កដោយវីរុស
អាចកើតមានលាយឡំ ជាមួយនឹងជំងឺផ្តាសាយ ឬជំងឺផ្លូវដង្ហើមផ្សេងទៀត
ចាប់ផ្តើមក្នុងភ្នែកម្ខាង ហើយអាចរាលដាលដល់ភ្នែកម្ខាងទៀតក្នុងរយៈពេលតែប៉ុន្មានថ្ងៃ
មានហៀរទឹកចេញពីភ្នែក តែមិនខាប់ទេ។
២-បង្កដោយបាក់តេរី៖ ភាគច្រើនមានអាចម៍ភ្នែក ដែលអាចនាំឱ្យត្របកភ្នែកស្អិតជាប់គ្នា៕





