កម្លាំងអង្គភាព នគរបាល ការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរ ផ្នែកនីតិវិធី និងកម្លាំងប៉ុស្តិ៍ការពារទី១០ សហការជា មួយភ្នាក់ងារ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានចុះទៅប្រាសាទបាយ័ន ស្ថិតនៅភូមិរហាល សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ដើម្បីធ្វើការប្រគល់ទទួលរូបអណ្ដើក ចំនួន០១ ធ្វើពីថ្មភក់ មានទំហំ បណ្តោយ៥៧ស.ម ទទឹង៤៣ស.ម និងកម្រាស់២១ស.ម ដែលក្រុមគម្រោង អាជ្ញាធរជាតិអប្សរា បានកំណាយ រកឃើញត្រង់ ចំណុចកណ្តាលស្រះទឹក ខាងកើតឆៀងខាងជើង ក្នុងជម្រៅដី១,៥០ម៉ែត្រ។
វត្ថុបុរាណខាងលើនេះលោក ស្រ៊ុន តិច មន្ត្រីបច្ចេកទេសក្រុម គម្រោងអាជ្ញាធរជាតិអប្សរា ប្រគល់ឲ្យលោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីសារពេីភណ្ឌនៃអាជ្ញាធរជាតិអប្សរា យកទៅរក្សាទុកនៅ សារមន្ទីរជាតិព្រះនរោត្តមសីហនុ-អង្គរ។
គួរដឹងថា ក្រុមអ្នកបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា បាននឹងកំពុងធ្វើកំណាយ ស្រាវជ្រាវនៅប្រាសាទបាយ័ន ដើម្បីសិក្សាអំពីកំណកដី និងទំហំស្រះ ដើម្បីឈានទៅរកការស្តារស្រះស្តុកទឹកឱ្យមានឡើងវិញ ដូចកាលពីសម័យបុរាណ។ ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងសិក្សា អំពីទំនាក់ទំនងរវាងស្រះទឹក និងកំពែងបុរាណ ដើម្បីឱ្យប្រាកដថា តើរចនាសម្ពន្ធរបស់ស្រះទឹកសម័យបុរាណនោះ មានទំហំត្រឹមណាឱ្យពិតប្រាកដ? ។
ក្រុមអ្នកបុរាណវិទូរឱ្យដឹងថា នៅពេលណាដែលអ្នកជំនាញ បានសិក្សាស្រាវជ្រាវ ពីទំហំស្រះ មាត់ច្រាំងស្រះ និងជម្រៅស្រះបុរាណទៅ តាមប្រវត្តិសាស្ត្ររួចរាល់ហើយនោះ គឺក្រុមការងារ នឹងស្ដារស្រះបុរាណ ដើម្បីឱ្យស្ដុកទឹកមាននៅវប្រាសាទ បុរាណបាយ័ន ឱ្យដូចសម័យកាលបុរាណឡើងវិញ។
គួររំលឹកថា កាលពីខែឧសភា ឆ្នាំ២០២០ ចម្លាក់ថ្មសត្វអណ្តើកមួយ ក៏ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវមួយនៅប្រាសាទកណ្តាលស្រះស្រង់ផងដែរ។ ប្រាសាទកណ្ដាលស្រះស្រង់ ស្ថិតនៅខាងមុខប្រាសាទបន្ទាយក្ដី បានកសាងឡើងក្នុងរាជ្យ ព្រះបាទជ័វរ្ម័នទី៧ នាសតវត្សទី ១២។ ស្រះស្រង់ជាផ្នែកមួយដ៏សំខាន់ នៃរមណីយដ្ឋានអង្គរ និងមានសំណង់ប្រាសាទ នៅកណ្ដាលជាតំណាងឱ្យភ្នំព្រះសុមេរុ។
ចំពោះរូបចម្លាក់ថ្មសត្វអណ្ដើកនេះ ត្រូវបានអ្នកបុរាណវិទ្យាសន្មតថា គឺឆ្លាក់ឡើងដើម្បីធ្វើពិធីសាសនាអ្វីមួយ ដែលដាក់នៅបាតប្រាសាទ ស្រដៀងនឹងពិធី ការបញ្ចុះសីមាជាដើម ៕