ព្រឹត្តិការណ៍

ការជួសជុលខឿន ព្រះលានជល់ដំរី ឈានដល់ដំណាក់ កាល​ចុងក្រោយហើយ

អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) តាមរយៈមូលនិធិបេតិកភណ្ឌ វប្បធម៌កូរ៉េ (KCHF) រំពឹងថាការជួសជុលខឿន របស់ព្រះលានជល់ដំរីអាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។ ការងារជួសជុលខឿនព្រះលានជល់ដំរីនេះ បែងចែកជាចំនួន២ទីតាំង គឺA ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងទីតាំងC នៅផ្នែកខាងត្បូងប្រវែង១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១មក។

អ្នកបុរាណវិទ្យា និងជាក្រុមការងារ បច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ប្រចាំការនៅការដ្ឋានជួសជុល ព្រះលានជល់ដំរីទីតាំងA អ្នកស្រី សៀង សុផានី ឱ្យដឹងថា ការងារដែលសម្រេចនៅទីតាំងA បានបញ្ចប់ការងារកំណាយ ស្រាវជ្រាវបែបបុរាណវិទ្យា និងជួសជុលសម្រាលថ្មបាយក្រៀម ផ្នែកខាងលើដែលស្រុត ព្រមទាំងបានពង្រីកការជួសជុល កម្រាលនៅទិសខាងត្បូងប្រវែង៣ម៉ែត្របន្ថែមទៀត នូវផ្នែកដែលស្រុតបញ្ចៀស ការហូរច្រោះដោយទឹកភ្លៀង និងជួសជុលពង្រឹងគ្រឹះ ហើយរៀបជញ្ជាំងថ្មភក់ផ្នែកខាងកើត នៃព្រះលានជល់ដំរីបានចំនួន៥រួត។

ចំណែក ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ប្រចាំការនៅការដ្ឋានទីតាំងC លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រុមការងារបានជួសជុលពង្រឹង និងរៀបជញ្ជាំងដែលទ្រេតមកខាងមុខ ត្រឹមត្រូវតាមលំនាំដើមបាន៩០ភាគរយ ។ រីឯផ្នែកកម្រាលខាងលើ កំពុងសិក្សារៀបចំប្រព័ន្ធរំដោះទឹក ទៅតាមអនុសាសន៍ របសក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ ។ ដូច្នេះការងារដែល នៅសេសសល់មានតែ ការរៀបចំប្រព័ន្ធរំដោះទឹក រៀបចំកម្រាលផ្នែកខាងលើឡើងវិញ និងបង្កាន់ដៃនាគជាដើម៕

Most Popular

To Top