កាលពីថ្ងៃអង្គារ រដ្ឋបាលសារព័ត៌មាននិងបោះពុម្ពផ្សាយរបស់ចិន បានបញ្ចេញនូវសេចក្ដីណែនាំថ្មីចំនួន ៦ ដែលមានចំណងជើងថា “ប្រកាសអំពីការទប់ស្កាត់អនីតិជនពីការលេងហ្គេមតាមទំនើងចិត្ត”។
ផ្អែកតាមប្រកាសថ្មីនេះ អ្នកប្រើប្រាស់ក្រោមអាយុ ១៨ ឆ្នាំ នឹងត្រូវហាមឃាត់មិនឲ្យលេងហ្គេមនៅចន្លោះម៉ោង ១០ យប់ ដល់ ៨ ព្រឹក ហើយនឹងរឹតត្បិតឲ្យលេងត្រឹម ៩០ នាទីនៅថ្ងៃចន្ទ ដល់ សុក្រ។ ចំណែកអំឡុងថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់បុណ្យសម្រាក អាចលេងបានរហូតដល់ ១៨០ នាទី។
ប្រកាសនេះក៏មានកំណត់នូវចំនួនលុយដែលក្មេងៗអាចចំណាយនៅក្នុងហ្គេមផងដែរ។ អ្នកមានអាយុ ៨ ដល់ ១៦ ឆ្នាំ អាចចំណាយច្រើនបំផុតត្រឹមប្រមាណ ២៩ ដុល្លារក្នុងមួយខែ ហើយអ្នកមានអាយុចន្លោះ ១៦ និង ១៨ ឆ្នាំ អាចចំណាយប្រមាណ ៥៨ ដុល្លារ។
មិនតែប៉ុណ្ណោះក៏បានតម្រូវឲ្យអ្នកលេងធ្វើការចុះឈ្មោះសម្រាប់លេងហ្គេមអនឡាញ ដោយប្រើឈ្មោះពិត និងការកំណត់អត្តសញ្ញាណត្រឹមត្រូវទៀតផង។ ការកំណត់តឹងរ៉ឹងនេះតម្រូវឲ្យក្រុមហ៊ុនហ្គេមអនឡាញ និងប្រព័ន្ធដែលមានប្រតិបត្តិការក្នុងប្រទេស អនុវត្តន៍តាម។
ផ្អែកតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Newzoo បានឲ្យដឹងថា ប្រទេសចិននាពេលបច្ចុប្បន្នគឺជាទីផ្សារហ្គេមធំជាងគេលំដាប់ទី ២ ក្នុងលោក នៅពីក្រោយសហរដ្ឋអាមេរិក។ ប៉ុន្តែក្រុមហ៊ុននេះព្យាករណ៍ថាចិននឹងអាចយកតំណែងលេខ ១ នៅក្នុងឆ្នាំ ២០២០៕ប្រភព៖Sabay