ប្លែកៗ

អ្នកជំនាញ៖ ចិន កំពុងប៉ុនប៉ងផលិតអាវដែក Iron Man អាចហោះបាន បំពាក់ឱ្យទាហាន

បទេស៖ ក្រុមអ្នកជំនាញយោធាបាននិយាយកាលពីថ្ងៃពុធថា ទាហានរបស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅថ្ងៃណាមួយ អាចទទួលបានឈុត (សម្លៀកបំពាក់) ដែក ឬ Iron Man របស់ពួកគេ ដែលមានលក្ខណៈពិសេស មានអាវុធធុនធ្ងន់ មានដែកការពារពិសេស និងសមត្ថភាពហោះបាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ផែនការនេះដឹកនាំដោយនាយកដ្ឋានគ្រឿងបរិក្ខារនៃ កងទ័ពរំដោះប្រជាជនចិន ដោយបង្កើតការប្រកួតប្រជែងជាលក្ខណៈបុគ្គលប្រព័ន្ធប្រយុទ្ធពិសេសនៃកងទ័ព Super Warrior 2019 បានធ្វើឡើងនាពេលថ្មីៗនេះនៅទីក្រុងប៉េកាំង ។

មានក្រុមជិត ១០០ មកពីវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងក្រុមហ៊ុននានា បានចូលរួមក្នុងការប្រកួតប្រជែងនេះ ដោយសារផលិតផលរបស់ពួកគេត្រូវបានសាកល្បងនិងប្រៀបធៀប។ សេចក្តីថ្លែងការណ៍បាននិយាយថា ឈុតដែកនេះ ត្រូវបានសាកល្បងសម្រាប់សមត្ថភាពផ្ទុកទម្ងន់ធ្ងន់ ការចល័តក្នុងស្ថានភាពលំបាក និងបំពាក់កាំភ្លើងធំ។

ឈុតដែកនេះ ជាប្រភេទនៃ exoskeleton ដែលត្រូវបានតំឡើងជាមួយប្រព័ន្ធឆ្លាតវៃដែលអាចអានពីចេតនារបស់អ្នកប្រើប្រាស់ និងធ្វើសមកាលកម្មជាមួយនឹងចលនារបស់ពួកគេ។ វាកំពុងត្រូវបានគេរចនាឡើងដើម្បីផ្តល់នូវថាមពលបន្ថែមដើម្បីជួយបង្កើនកម្លាំងល្បឿននិងកម្លាំងរបស់អ្នកប្រើប្រាស់៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top