LOS ANGELES ៖ ម្ចាស់ជើងឯក វាយកូនបាល់ Grand Slam ២សម័យកាល គឺកីឡាការិនី Naomi Osaka បានចូលរួមបញ្ចេញ សំឡេងជាមួយក្រុមអត្តពលិក ដើម្បីថ្កោលទោស ចំពោះការស្លាប់របស់បុរស ស្បែកខ្មៅម្នាក់ របស់ប៉ូលីស Minneapolis ដោយបង្ហោះរូបភាព នៃការតវ៉ាពីទីក្រុងមីនីសូតា នៅលើគណនី Instagram របស់នាង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
កីឡាការិនី Naomi Osaka បានសរសេរថា ដោយសារតែវាមិនកើតឡើង ចំពោះអ្នកមិនមានន័យថា វាមិនកើតឡើងទាល់តែសោះឡើយ ។ កីឡាការិនីវាយកូនបាល់ ដែលម្តាយរបស់នាង ជាជនជាតិជប៉ុន និងឪពុកជាជនជាតិហៃទី ។
កីឡាការិនីបានបន្ថែមទៀតថា វាគួរឲ្យអស់សំណើ ចំពោះខ្ញុំដែលមនុស្សចង់ ពាក់ច្រវ៉ាក់ហ៊ីបហប នៅក្នុងកន្លែងហាត់ប្រាណព្យាយាមរៀបចំខ្លួន ហើយនិយាយដោយប្រើពាក្យ ស្លោកគឺស្ងាត់ភ្លាមៗនៅពេលនោះ ។ Naomi Osaka ជាអតីតកីឡាការិនីលេខ ១ ពិភពលោកត្រូវបានទស្សនាវដ្តី Forbes ប្រកាសកាលពីសប្តាហ៍មុនថា ជាអត្តពលិកនារី រកចំណូលបានច្រើនបំផុត នៅលើពិភពលោកជាមួយ នឹងប្រាក់ចំណូល ៣៧.៤ លានដុល្លារ (៣៤.៣ លានអឺរ៉ូ) ។
Minneapolis រដ្ឋ Minnesota បានក្លាយជាចំណុចកណ្តាល នៃការតវ៉ាដ៏ឃោរឃៅ ចាប់តាំងពីលោក George Floyd បានស្លាប់នៅទីនោះកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមន្រ្តីប៉ូលីស Derek Chauvin បានដួលលោកដល់ដីអស់រយៈពេលជាច្រើននាទី ដោយយកជង្គង់សង្កត់ករបស់លោក ។ មន្រ្តីប៉ូលីស Derek Chauvin ត្រូវបានចោទប្រកាន់ ពីបទមនុស្សឃាត និងឃាតកម្មធ្វេសប្រហែស ប៉ុន្តែការតវ៉ានៅទូទាំងប្រទេស បានប្រែទៅជាហិង្សា៕ដោយ៖លី ភីលីព