ប្លែកៗ

ប្រជាជនប្រមាណ ៤១០ លាននាក់ នៅតាមឆ្នេរសមុទ្រពិភពលោក ប្រឈមនឹងហានិភ័យ នៃការកើនឡើងកម្ពស់ ទឹកសមុទ្រនៅឆ្នាំ ២១០០ ដោយសារ ការប្រែប្រួលអាកាសធាតុ

ហូឡង់៖ការសិក្សាថ្មីមួយបានបង្ហាញថា ការប្រែប្រួល អាកាសធាតុអាច ធ្វើឲ្យប្រជាជនចំនួន ៤១០ លាននាក់នៅតាមតំបន់ឆ្នេរទូទាំងពិភពលោកប្រឈមនឹងហានិភ័យពីការកើនឡើង កម្ពស់ទឹកសមុទ្រត្រឹមឆ្នាំ ២១០០ ដែលជាការកើនឡើងជាង ៥៣ ភាគរយពីការប៉ាន់ស្មានបច្ចុប្បន្ននេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ក្រុមដែលដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវបរិស្ថាន NUS ក្នុងប្រទេសហូឡង់បានរកឃើញថា បច្ចុប្បន្នមានប្រជាជនចំនួន ២៦៧ លាននាក់រស់នៅលើដីដែលមានកម្ពស់តិចជាង១.៨២ម៉ែត្រពីនីវ៉ូទឹកសមុទ្រដោយ ៦២ ភាគរយនៃចំនួនប្រជាជនស្ថិតនៅតំបន់ត្រូពិក ប៉ុន្តែប្រជាជននៅឥណ្ឌូនេស៊ីមានវិសាលភាពធំបំផុត នៃដីដែលមានហានិភ័យ។

ក្រុមអ្នកស្រាវជ្រាវបានប្រើការព្យាករណ៍នៃកម្ពស់ទឹកសមុទ្រ០.៩១ម៉ែត្រដើម្បីដឹងថា តើការផ្លាស់ប្តូរអាកាសធាតុមានអ្វីខ្លះសម្រាប់ពិភពលោកក្នុងរយៈពេល ៧៩ ឆ្នាំចាប់ពីពេលនេះ។ តំបន់ដដែលនឹងនៅតែជាតំបន់មានហានិភ័យខ្ពស់បំផុត ប៉ុន្តែចំនួនមនុស្សមានគ្រោះថ្នាក់នឹងកើនឡើងយ៉ាងខ្លាំងពោលគឺ ៧២ ភាគរយនៅតំបន់ត្រូពិក និង ៥៩ ភាគរយនៅអាស៊ីត្រូពិចតែម្នាក់ឯង។

នេះបើយោងតាម Climate.gov បាននិយាយថា ការកើនឡើងជាមធ្យមនៃកម្រិតទឹក សមុទ្រពិភពលោកបានកើនឡើងប្រហែល ៨ ទៅ ៩ អ៊ីញចាប់តាំងពីឆ្នាំ ១៨៨០ ប៉ុន្តែមួយភាគបីបានកើតឡើងក្នុងរយៈពេល ២ ទៅកន្លះទសវត្សរ៍ចុងក្រោយ។

ការកើនឡើងដ៏ធំបំផុតត្រូវបានគេសង្កេតឃើញនៅឆ្នាំ ២០១៩ នៅពេលដែលកម្រិតទឹកសមុទ្រមធ្យមលើពិភពលោកគឺ ៣,៤ អ៊ីញលើសពីមធ្យមភាគ ១៩៩៣ នៅពេលដែលការវាស់វែង សកលផ្អែកលើផ្កាយរណបបានចាប់ផ្តើម៕
ដោយ៖លី ភីលីព

Most Popular

To Top