ប្លែកៗ

បុរស​ម្នាក់​នេះ​ រស់នៅ​ជា​មួយ​ សុនខ​របស់​ខ្លួន​សុខៗ​ ក៏​​​ត្រូវ​បាន​អ្នក​ជិត​ខាង​ តេ​ប្ដឹង​ប៉ូលិស​ទៅ​វិញ​

លោក​ Dan Tillery ​តារា​ចម្រៀង​មួយ​រូប​ ដែល​ទើប​តែ​ផ្លាស់​មក​រស់​នៅ ​ទី​ក្រុង​ Waterford រដ្ឋ​ New Jersey សហរដ្ឋអាមេរិក​ បាន​រស់​នៅ​ជា​មួយ​សត្វ​សុនខ​របស់​ខ្លួន ​ដែល​មាន​ឈ្មោះ​ថា​ Diggy សុខ​ៗ​ ក៏​ត្រូវ​បាន​អ្នក​ជិត​ខាង ​តេ​ប្ដឹង​ប៉ូលិស​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ។

រឿង​រ៉ាវ​នេះ​កើត​ឡើង​ តាំង​ពី​ឆ្នាំ​២០១៦មក​ម្ល៉េះ​ ដោយ​លោក​ Dan បាន​ទើប​ផ្លាស់​ទៅ​រស់​នៅ​ផ្ទះ​ នៅ​ទីតាំង​ខាង​លើ​ ដោយ​បាន​សុំ​សិទ្ធ​ចិញ្ចឹម​សត្វ​សុនខ​មួយ​ ពី​មណ្ឌល​ថែទាំ​សត្វ​មួយ​កន្លែង​។ លោក​ Dan បាន​ស្រលាញ់​ពេញ​ចិត្ត​ នឹង​សុនខ​របស់​លោក​ ដែល​មាន​ឈ្មោះ​ថា​ Diggy នោះ​ជា​ខ្លាំង​ ដោយ​បាន​លេង​ប្រលែង​ជា​មួយ​គ្នា​ ព្រម​ទាំង​បាន​បង្ហោះ​រូប​ភាព​ និង​សកម្មភាព​នានា ​ថត​ជា​មួយ​ Diggy នៅ​បណ្ដាញ​សង្គម​របស់​លោក​ ដោយ​ទទួល​បាន​ចូល​មើល​ គាំទ្រ​ជា​ច្រើន​។

ក្រោយ​មាន​ភាព​ល្បី​ល្បាញ​បែប​នេះ​ ក៏​បាន​ដឹង​ឮ​ដល់​អ្នក​ជិត​ខាង ​របស់​លោក​ Dan ដែល​រស់​នៅ​ទី​ក្រុង​ជា​មួយ​គ្នា ​ហើយ​​អ្នក​ជិត​ខាង​របស់​លោក​​ ក៏​បាន​តេ​​ប្ដឹង​​ប៉ូលិស​ ដោយ​សារ​តែ​​ពួក​គេ​ បាន​ចោទ​ថា​ សត្វ​សុនខ​ ដែល​លោក​ Dan ចិញ្ចឹម​នោះ​ ជា​ប្រភេទ​សុនខ​ពូជ​ Pit Bull ដែល​ជា​ប្រភេទ​សុនខ​ មាន​ភាព​កាច​សាហាវ​ បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ ដែល​ត្រូវ​ច្បាប់ ​នៅ​ក្នុង​ទីក្រុង​រស់​នៅ​នេះ​ហាម​ឃាត់​។

លុះ​ប៉ូលិស​ទៅ​ដល់​ ប៉ូលិស​ក៏​ទុក​ពេល ​ឲ្យ​លោក​ Dan យក​ Diggy ចេញ​ពី​ផ្ទះ​នោះ​តាម​សម្រួល​ បើ​មិន​អញ្ចឹង​ទេ​ ​ខាង​ប៉ូលិស​នឹង​ឃាត់​យក​សត្វ​សុនខ​នោះ​តែ​ម្ដង​។ ប៉ុន្តែ​ Dan មិន​ព្រម​ក៏​បាន​ប្ដឹង​គ្នា​ ទៅ​ដល់​តុលាការ​ និង​បាន​ពិនិត្យ​រក​ពូជ​សុនខ​ និង​អះអាង​ថា​ Diggy ជា​ប្រភេទ​សត្វ​សុនខ​ពូជ​ Bulldog មិន​មែន​ជា​ពូជ​ Pit Bull ដូច​អ្វី​ដែល​គេ​ចោទ​ប្រកាន់​ឡើយ​។

លុះ​សម្រេច​សម្រួល​ចុង​ក្រោយ​ លោក​ Dan ក៏​បាន​សិទ្ធិ​យក​ Diggy ទៅ​ចិញ្ចឹម​វិញ​ពី​តុលា​ការ​ ហើយ ចាប់​តាំង​ពី​ពេល​នោះ​អាជ្ញាធរ​ទី​ក្រុង​ខាង​លើ​ ក៏​បាន​សម្រេច​មិន​ឲ្យ​ប៉ូលិស​ ធ្វើ​ការ​កំណត់​ពូជ​សុនខ​ដោយ​ខ្លួន​ឯង​ ដូច​ករណី​លោក​ Dan ឡើយ​ ដោយ​ឲ្យ​ខាង​ពេទ្យ​សត្វ​ពិនិត្យ​រក​ពូជ ​របស់​ពួក​គេ​ឲ្យ​ច្បាស់​លាស់​សិន​ ទើប​ប៉ូលិស​ចាប់​វិធានការណ៍​ តាម​ក្រោយ​បាន​៕ Source: Sabay

Most Popular

To Top