មូសជាសត្វល្អិតមួយប្រភេទ ដែលបង្កការរំខានដល់មនុស្ស ។ ការខាំរបស់សត្វប្រភេទនេះ មិនត្រឹមតែធ្វើឲ្យរមាស់ទេ ថែមទាំងអាចបង្កជាជំងឺគ្រុនឈាម ឬគ្រុនចាញ់ថែមទៀត។ ជារឿយៗ ការប្រើប្រាស់សារធាតុគីមី ដូចជាធូបមូស និង ថ្នាំបាញ់មូស ជាដំណោះស្រាយពេញនិយម សម្រាប់ដោះស្រាយបញ្ហានេះ ប៉ុន្តែវាក៏បង្កដល់បញ្ហាដល់សុខភាពដែរ។
ដូច្នេះ សម្រាប់លោកអ្នកដែលចង់ដោះស្រាយកង្វល់នេះ តាមបែបធម្មជាតិ អត្ថបទនឹងបង្ហាញជូនរុក្ខជាតិចំនួន ៥ ណែនាំដោយគេហទំព័រ Natural Living Ideas ដែលអាចមានសមត្ថភាពដេញមូស៖
១.ស្លឹកគ្រៃ៖ ក្លិនរបស់រុក្ខជាតិនេះ មានសមត្ថភាពដេញមូស ដូច្នេះការដាំគល់ស្លឹកគ្រៃនៅទីលានណាមួយនៅផ្ទះ ជួយដេញមូសបានមួយភាគ។ លោកអ្នក ក៏អាចយកគល់ស្លឹកគ្រៃមកបុកឲ្យម៉ត់ រួចយកមកត្រដុសលើស្បែក រួចលាងទឹកចេញ។ ធ្វើបែបនេះមិនត្រឹមតែ ធ្វើឲ្យមានក្លិនក្រអូបទេ ថែមទាំងអាចបង្ការមូសកុំឲ្យមកក្បែរលោកអ្នកទៀតផង។

២.ស្លឹកក្រូចឆ្មារ៖ មានសមត្ថភាពដេញមូស និងរបៀបយកទៅប្រើប្រាស់ដូចជាស្លឹកគ្រៃអ៊ីចឹងដែរ។

៣.ផ្កាស្បៃលឿង៖ បើយោងតាមការសិក្សាមួយ បានបញ្ជាក់ឃើញថា សារធាតុប្រេងមាននៅក្នុងផ្កានេះ មានសមត្ថភាពដេញសត្វល្អិត។ លោកអ្នកអាចដាក់តាំងផ្កាប្រភេទនេះនៅជិតទ្វាចូល ឬបង្អួចនៃផ្ទះរបស់លោកអ្នក ដើម្បីដេញសត្វល្អិតដូចជាមូសជាដើម។

៤.ជីនាងវង៖ មិនត្រឹមតែជួយធ្វើឲ្យម្ហូបមានក្លិនឈ្ងុយនោះទេ ជីនាងវងថែមទាំងមានសារធាតុប្រេងម្យ៉ាងដែលមានសមត្ថភាពខ្លាំងក្លាក្នុងការដេញមូស ។ ដូច្នេះលោកអ្នក អាចបុកជីប្រភេទនេះឲ្យម៉ត់ រួចយកមកលាបលើស្បែក បន្ទាប់មកលាងទឹកចេញ ដើម្បីការពារកុំឲ្យមូសខាំ។

៥.ខ្ទឹមស៖ ដូចជីនាងវងដែរ ខ្ទឹមស មាននាទីលើសពីធ្វើឲ្យម្ហូបឈ្ងុយ ពោលគឺមានសមត្ថភាពដេញមូសទៀត។ ដូច្នេះ លោកអ្នកអាចដាំខ្ទឹមស នៅតាមបរិវេណផ្ទះ។ ធ្វើដូចនេះ មិនត្រឹមតែធ្វើឲ្យលោកអ្នកមាន ភាពងាយស្រួល ក្នុងការយកខ្ទឹមសមកធ្វើម្ហូបទេ វាថែមទាំងអាចជួយបង្ការ លោកអ្នកពីមូសខាំទៀតផង ៕

